កាលពីថ្ងៃអង្គារកន្លងទៅនេះ អតីតអ្នកប្រដាល់ល្បីឈ្មោះ អេ ភូថង បានបង្ហាញអារម្មណ៍អស់សង្ឃឹមក្នុងវិស័យកីឡាប្រដាល់ បន្ទាប់ពីចូលប្រឡូកជាង២០ឆ្នាំកន្លងទៅ ខណៈអ្នកប្រដាល់ វ៉ន វីវ៉ាបានរិះគន់យ៉ាងចាស់លើស្ថាប័នគ្រប់គ្រងកីឡា។
ទោះបីជាចូលប្រឡូកក្នុងអាជីពប្រដាល់ស្ទើរមួយជីវិតទៅហើយ គេកម្រឃើញអតីតអ្នកប្រដាល់ល្បីឈ្មោះ អេ ភូថង ត្អួញត្អែរជុំវិញអាជីពឈឺខ្លួនដែលមានចំណូលតិចនេះណាស់ ប៉ុន្តែកាលពីថ្ងៃទី៣០ ខែមិថុនានេះ លោក អេ ភូថង ដែលជាអតីតកីឡាករប្រដាល់ល្បីល្បាញស្ទើរគ្មានគូប្រៀបនៅប្រទេសកម្ពុជា និងកំពុងបណ្តុះបណ្តាលធនធានកីឡាករជំនាន់ក្រោយបានបង្ហាញអារម្មណ៍អស់សង្ឃឹម បន្ទាប់ពីចាប់អាជីពនេះប្រហែល២០ឆ្នាំកន្លងទៅ។
លោក អេ ភូថងបាននិយាយលើ Facebook របស់លោកថា ៖«ខំប្រឹងប្រែង២០ឆ្នាំហើយសល់តែកេរ្តិ៍ឈ្មោះហឺ»។ ឆ្លើយតបនឹងអ្នកបញ្ចេញមតិយោបល់ខាងក្រោមការលើកឡើង អតីតកីឡាកររូបនេះបានបន្ថែមថា ៖«ខ្ញុំខំប្រឹង២០ឆ្នាំហើយ គ្មានឡានល្អ ម៉ូតូល្អ និងផ្ទះខ្លួនឯងនៅផង ចង់អស់សង្ឃឹមហើយ»។
នៅថ្ងៃជាមួយគ្នានេះដែរ ម្ចាស់ខ្សែក្រវាត់ពិភពលោក ISKA វ៉ន វីវ៉ាក៏បានវាយប្រហារលើស្ថាប័នគ្រប់គ្រងកីឡាយ៉ាងចាស់ដៃដែរ ប៉ុន្តែលោកមិនបានបញ្ចេញស្ថាប័ននោះឡើយ។ នៅលើ Facebook កីឡាករប្រដាល់រូបនេះបាននិយាយថា ៖«ជម្រើសជាតិៗ តែដល់ពេលចេញទៅប្រកួតនៅក្រៅប្រទេស ខោអាវស្លៀកពាក់មិនកើត (សូម្បីលុយដុល្លាររបស់ក្រសួងឲ្យកីឡាករ ដូរឲ្យគ្នាជាលុយខ្មែរវិញ កីឡាករយកលុយខ្មែរទៅដូរយកលុយកូរ៉េទៀត) គេមានតែឲ្យលុយកីឡាករ តែក្រសួងកីឡាខាងកាន់លុយខ្មែរយើង (ស៊ីលុយកីឡាករ) ជាក់ស្តែង កីឡាករ កីឡាការិនីត្រៀមចេញទៅកូរ៉េថ្ងៃទី01/07/2015 ចឹងៗបានរកកីឡាករ កីឡាការិនីដែលល្អមិនបាន ហើយបើមានកីឡាករ កីឡាការិនីរូបណាដែលហ៊ានចំណាយលុយដោយខ្លួនឯងនោះវិញ ហើយបើឈ្នះទៀតនោះ ចាប់ផ្ដើមយកមុខមាត់ហើយ មានអ្នកក្រសួងកីឡាមួយចំនួន។ល។ អាសំគិះ»។
ការលើកឡើងរបស់ វ៉ន វីវ៉ា
សព្វថ្ងៃ លោក អេ ភូថង និងក្រុមគ្រួសារមិនបានស្នាក់នៅផ្ទះផ្ទាល់ខ្លួនឡើយគឺរស់នៅក្នុងអគាររបស់ក្រសួងការពារជាតិក្នុងបរិវេណស្តាតចាស់។ លោកកំពុងធ្វើជាគ្រូបង្ហាត់ប្រដាល់ អាជ្ញាកណ្តាល និងចៅក្រម ព្រមទាំងជួយចិញ្ចឹមក្មេងកំព្រាមួយចំនួននៅអង្គការមួយទៀតផង។
ចំណែក វ៉ន វីវ៉ា នឹងចំណាយពេលប្រហែលជាមួយឆ្នាំដើម្បីសម្រាកព្យាបាលពីការប្រកួតយ៉ាងហោចណាស់១ឆ្នាំ បន្ទាប់ពីរងរបួសបាក់ដៃពេលប្រកួតជាមួយកីឡាករស៊ុយអែត។ ទោះយ៉ាងណា កីឡាករម្នាក់នេះទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ព្យាបាល៥ពាន់ដុល្លារពីលោកជំទាវ ប៊ុនរ៉ានី ហ៊ុន សែន៕
កូនសិស្សដែលលោក អេ ភូថង បង្ហាត់
adp=113201">
អត្ថបទ៖ ជាន ចាន់រ៉ា/http://news.sabay.com.kh/article/413708