យួនបញ្ជូនរថក្រោះ កាំភ្លើងធំ រថពាសដែក និងសព្វាវុធធុនធំ មកកាន់ព្រំដែនកម្ពុជា-វៀតណាម ដែលកំពុងមានបញ្ហា ?
JULY 17, 2015 5:59 PMCOMMENTS OFF ON យួនបញ្ជូនរថក្រោះ កាំភ្លើងធំ រថពាសដែក និងសព្វាវុធធុនធំ មកកាន់ព្រំដែនកម្ពុជា-វៀតណាម ដែលកំពុងមានបញ្ហា ?VIEWS: 6297
ដោយ ស៊ឺន ចែងចើន| សារព័ត៌មាន ព្រៃនគរ
កាលថ្ងៃ ១៤ កក្តដា ២០១៥ កន្លងទៅថ្មីៗ នេះ រូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពដឹកជញ្ជូន រថក្រោះ កាំភ្លើងធំ រថពាសដែក និងសព្វាវុធធុនធំ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហេ្វសប៊ុក ក្នុងប្រទេសវៀតណាម បង្ហោះ និងចែកចាយតៗ គ្នាយ៉ាងលឿន រហូតធ្លាយមកដល់ស្រុកខ្មែរ ។
យោងតាមគេហទំព័រមួយ ដែលផ្សាយជាភាសាយួនឈ្មោះ viendongdaily.com បានស្រង់យករូបភាព និងការពណ៌នារបស់អ្នកបង្ហោះ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបញ្ជាក់ថា រថពាសដែកច្រើនគ្រឿង ត្រូវបានគេដឹកជញ្ជូនតាមរថភ្លើងវែងមួយ ចេញពីខេត្តដាណាំង និងខេត្តហ្វេ មករក្សាទុកនៅភាគខាងត្បួងប្រទេសវៀតណាម ។
គេហទំព័រដដែល ក៏បានដកស្រង់រូបភាពរថពាសដែកធុន M113 ដែលអ្នកប្រើប្រាស់ហ្វេសប៊ុក នៅទីក្រុងព្រៃនគរថតបាន ខណៈដឹកចេញពីហ្គ័រវាប់ (Go Vap) ឆ្ពោះទៅកាន់កងយោធាតំបន់ ៧ ។
គេពុំទាន់ដឹងថា រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម បញ្ជូនសព្វាវុធទំនើបៗ ពីភាគខាងជើង មកកាន់ភាគខាងត្បូង ក្នុងគោលបំណងអ្វីឡើយ ។ ប៉ុន្តែបើយោងតាមការជជែករបស់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម និងមជ្ឍដ្ឋាននានា បានលើកឡើងថា មូលហេតុដែលបក្សកុម្មុយនិស្តបញ្ជូនសព្វាវុធទាំងនេះ គឺទីមួយ ដើម្បីទប់ទល់ នឹងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលប្រទេសវៀតណាម និងចិនកំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងលើជម្លោះទាមទារគ្រប់គ្រងប្រជុំកោះ ដែលសំបូរទៅដោយឧស្ម័នធម្មជាតិ Paracel ។ ទីពីរ គឺដើម្បីទប់ទល់ នឹងស្ថានភាពតាងតឹង នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា ដែលកំពុងមានបញ្ហា ។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសវៀតណាម កាលពីថ្ងៃ ១៦ កក្កដា ម្សិលមិញ បានចេញមុខបដិសេធព័ត៌មានទាំងនេះ ដែលថាខ្លួនបានដឹកជញ្ជូនសព្វាវុធ មកដាក់ពង្រាយនៅតាមបណ្តោយព្រំដែនភាគនិរតី ជាមួយប្រទេសកម្ពុជា ដែលកំពុងមានបញ្ហា ។
លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានថ្លែងប្រាប់អ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖
«ព័ត៌មាន ដែលក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានលើកឡើង នៅពេលនេះ គឺមិនពិតនោះទេ»៕