​ផ្លូវ​រូង​ក្រោម​ដី ដែល​ហ្គូ​ស្មាន់ ប្រើ​ប្រាស់​ដើម្បី​រត់​គេច​ខ្លួន​ពី​គុក​។
​ផ្លូវ​រូង​ក្រោម​ដី ដែល​ហ្គូ​ស្មាន់ ប្រើ​ប្រាស់​ដើម្បី​រត់​គេច​ខ្លួន​ពី​គុក​។ AFP

ស្តេច​គ្រឿងញៀន​ម៉ិក​ស៊ិក ហ្គូ​ស្មាន់ ចំណាយ​ $៥០​លាន​ ជីក​រូង​ក្រោម​ដី ​១,៥ ​គីឡូម៉ែត្រ​ដើម្បី​រត់គេចខ្លួន​

ក្រុង​ម៉ិស៊ីកូៈ វា​មិនមែនជា​រឿង​អច្ឆរិយ​អ្វី​ទេ ដែល​ផ្លូវ​រូង​ក្រោម​ដី​ចម្ងាយ​ ១,៥ គ​.​ម​. ជា​មធ្យោបាយ​ជម្រើស​ចុង​ក្រោយ បំផុត​របស់​ស្តេច​គ្រឿង​ញៀន​ម៉ិក​ស៊ិក លោក ចូគ្វីន ហ្គូស្មាន់​ដែល​មាន​រហស្ស​ នាម​ថា អែលចាប៉ូ ដើម្បី​រត់​គេច​ខ្លួន ពី​ពន្ធនាគារ​ដែល​មាន​សន្តិ​សុខ​អតិបរមា​មួយ​នោះ ដែល​ បើតាម​កាសែត Daily Mail របស់​អង់គ្លេស បាន​ឲ្យ​ដឹង​ថា ផ្លូវ​រូង​ក្រោម​ដី​នេះ​អាច​ត្រូវ​ចំណាយ​ប្រាក់​រហូត​ដល់​ ៥០ ​លាន​ដុល្លារ​ ដើម្បី​ជួល​ក្រុម​វិស្វករ​ជីក​សម្រាប់​ការរត់​គេច​ខ្លួន​នេះ​។​
​ពេញ​មួយ​រជ្ជកាល​របស់លោក ជា​ប្រមុខ​ក្រុម​គ្រឿងញៀន​ដ៏​ព្រៃផ្សៃ​បំផុត​របស់​ម៉ិ​ក​ស៊ិ​ក ផ្លូវ​រូង​ក្រោម​ដី​ក្លាយជា​ជម្រក​សំខាន់​មួយ​ដែល​សេ្ដច​គ្រឿងញៀន​ល្បីឈ្មោះ​បំផុត​របស់​ម៉ិ​ក​ស៊ិ​ក​រូបនេះ រស់នៅ លាក់ខ្លួន​ពី​ក្រុម​អាជ្ញាធរ​ដែល​តាម​ចាប់ខ្លួន លោក និង​បាន​សាង​អាណាចក្រ​មួយ ដែល​បានធ្វើ​ឲ្យ​ទស្សនា​វដ្តី Forbes ចុះ​បញ្ជី​ថា ជា​ជន​មាន​អំណាច​ម្នាក់ មានទ្រព្យ​ច្រើន​បំផុត​របស់​ពិភពលោក​។​
នេះ គឺជា​ការជីក​ផ្លូវ​រូង​ក្រោម​ដី​ដ៏​ល្បី​បំផុត​របស់​ក្រុម​គ្រឿងញៀន​នៃ​រដ្ឋ Sinaloa សម័យ​បច្ចុប្បន្ន​។ ​​ការរត់​គេចខ្លួន​ពី​គុក​បន្ទាប់ពី​លោក​ហ្គូ​ស្មាន់​រត់ចេញ​ពី​គុក Altiplano របស់​ម៉ិក​ស៊ិក​ពី​ចុង​សប្តាហ៍​មុន ក្រុម​អាជ្ញាធរ​និយាយថា​ពួកគេ​បាន​រកឃើញ​ផ្លូវ​ក្រោម​ដី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ជា​ផ្លូវ​ដែលមាន​ភ្លើង​បំភ្លឺ និង​មាន​ខ្យល់​អុក​ស៊ីសែន​ចេញចូល បំពាក់​ដោយ ផ្លូវដែក និង​ម៉ូតូ​កែច្នៃ​មួយ​នៅ​ខាងក្នុង​។
​ស្នងការ​សន្តិសុខ​ជាតិ​ម៉ិកស៊ិក លោក Monte Alejandro Rubido បាន​និ​​យាយ​ថា ផ្លូវ​រូង​ក្រោម​ដី​នេះ​បានចាប់ផ្ដើម ចេញពី​ប្រឡោះ​ទំហំ​កន្លះ​ម៉ែត្រ​៤​ជ្រុង នៅ ខាងក្នុង​កន្លែង​ងូតទឹក​នៃ​បន្ទប់​គុក​របស់ លោក​ហ្គូ​ស្មាន់ ដែល​បាន​ត​ភ្ជាប់​ទៅ​ផ្លូវ​លុង​ចុះក្រោម​ជម្រៅ​ប្រមាណ​១០​ម​.​។​
ផែនទី​បង្ហាញ​ពី​ផ្លូវ​រូង​ក្រោម​ដី ដែល​ហ្គូ​ស្មាន់ ប្រើ​ប្រាស់​ដើម្បី​រត់​គេច​ខ្លួន​ពី​គុក​ជា​លើក​ទី​ពីរ​ពីថ្ងៃ​សៅរ៍ និង​រន្ធ​កន្លះ។
ផែនទី​បង្ហាញ​ពី​ផ្លូវ​រូង​ក្រោម​ដី ដែល​ហ្គូ​ស្មាន់ ប្រើ​ប្រាស់​ដើម្បី​រត់​គេច​ខ្លួន​ពី​គុក​ជា​លើក​ទី​ពីរ​ពីថ្ងៃ​សៅរ៍ និង​រន្ធ​កន្លះ។ AFP
​ច្រក​ចុះ​ដែល​បំពាក់​ដោយ​ជណ្ដើរ​មួយ​នោះ បាន​នាំទៅ​កាន់​ផ្លូវ​រូង​ក្រោម​ដី​មួយ ដែលមាន​កម្ពស់​ប្រមាណ​១,៧​ម៉ែត្រ និង​ទទឹង​ជាង ៧០ សង់ទីម៉ែត្រ​។​ នៅ​ខាងក្នុង​ផ្លូវ​រូង​នោះ ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​​ឃើញ​អ្វីដែល​លោក Rubido ពណ៌នា​ថា​ជា​ម៉ូតូ​ធំ​ដែល​គេ​កែច្នៃ​មួយ​គ្រឿង​​បំពាក់​នៅលើ​ផ្លូវដែក ដែល​​ទំនង​ជា​ត្រូវគេ​ប្រើ ដើម្បី​ដឹកជញ្ជូន​ដី​ចេញ​ក្នុងអំឡុងពេល​នៃ​ការជីក​រូងដី និង​ដឹកជញ្ជូន​ឧបករណ៍​សម្រាប់​ការជីក​»​។​
​មន្ត្រី​ម៉ិ​ក​ស៊ិ​ក​ម្នាក់ ប៉ាន់​ស្មានថា គេ​ប្រើ​មនុស្ស​មិន​លើសពី​៤​នាក់ និង​ពេលវេលា​ប្រមាណ​មួយឆ្នាំ ដើម្បី​ជីក និង​សង់​ផ្លូវ​រូង​ក្រោម​ដី​នោះ ខណៈដី​និង​ខ្សាច់​ប្រមាណ ជា​៣២៥០​តោន ស្មើនឹង​ ៣៥០​ រថយន្ត​ធំ​ពេញៗ ត្រូវបាន​យកចេញ​។​
​យោងតាម​កសិករ​ម្នាក់ ដែល​រស់នៅ ក្បែរ​នោះ​ឲ្យ​ដឹងថា ផ្លូវ​ក្រោម​ដី​មាន​ប្រវែង ជាង​១,៥​គីឡូម៉ែត្រ និង​បានបញ្ចប់​នៅ​ខាង​ក្នុងផ្ទះ​ដែល​ទើបតែ​សង់​បាន​ពាក់ កណ្ដាល​មួយ​។
ក្រុម​អ្នក​សាងសង់​បាន ចាប់ផ្ដើម​សង់ផ្ទះ​នោះ​នៅក្នុង​ខែធ្នូ បន្ទាប់ មក​បាន​ឈប់​សាងសង់​ប៉ុន្មាន​ខែក្រោយ​មក​។
កសិករ​រូបនោះ​បាន​និយាយថា ផ្នែក ខាងមុខ​ទំនងជា​បានធ្វើ​រួចហើយ​អំឡុង​ខែកុម្ភៈ ឬ​ខែមីនា ប៉ុន្តែ​ក្រុមកម្មករ​នៅតែ បន្ត​ជញ្ជូន​ដី​ដាក់​ជុំវិញ​អគារ​នោះ​ជាច្រើន ខែ​រហូតមកទល់​ថ្ងៃ​សុក្រ ដែល​ពួកគេ​ទាំង អស់​ស្រាប់​តែ​​បាត់​អស់​។​
​តើ​អ្នកណា​បាន​ជួយ លោក​ហ្គូ​ស្មាន់​ជីក​រូង​ក្រោម​ដី​នោះ ហើយ​តើ​បុគ្គលិក​គុក មាន​ជាប់​ពាក់ព័ន្ធ​ដែរឬទេ​?
​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក​អេ​ន​រី ប៉េ​ណា នី​តូ បាន​និយាយថា នោះ គឺជា​អ្វី ដែល​ក្រុម​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​។​ក្រុមអ្នកវិភាគ​និយាយថា មាន​មន្ទិល​តិច​តួច​ដែលថា ក្រុមមន្ត្រី​នៅ​ខាងក្នុង​គុក គឺជា​ផ្នែក​នៃ​ផែនការ​នោះ​។​
​អ្នកកាសែត លោក Ioan Gril ជា​អ្នកនិពន្ធ​សៀវភៅ​«​ការបះបោរ​ឧក្រិដ្ឋកម្ម​នៅ ក្នុងប្រទេស​ម៉ិ​ក​ស៊ិក​» បាន​និយាយថា​៖ «​អ្នក​មិនអាច​សង់​ផ្លូវ​រូង​មួយ​ចូលដល់​ក្នុង​គុក​ដោយ​គ្មាន​អំពើពុករលួយ​ទេ​»​។​​
រដ្ឋាភិបាល​ម៉ិក​ស៊ិក​កាលពី​ថ្ងៃ​អង្គារ បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់ ​៣,៨​ លាន​ដុល្លារ អាមេរិក សម្រាប់​ការចាប់ខ្លួន​ស្តេច​គ្រឿងញៀន​ដែល​កំពុង​រត់គេច​ខ្លួន លោក​ចូ​គ្វី​ន ហ្គូ​ស្មាន់ និង​បាន​បណ្តេញ​មន្ត្រី​គុក​កំពូល​បីនាក់ ចំពេល​មានការ​សង្ស័យថា ក្រុម​ឆ្មាំ​បាន​ជួយ​ឲ្យ​គាត់​រត់គេច​។​
​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក Miguel Angel Osorio Chong បាន​ថ្លែង​ពីថ្ងៃ​ចន្ទ​ថា លោក​ហ្គូ​ស្មាន់ «​ពិតជា​មាន​»​ ការជួយ​ពី​ក្រុមមន្ត្រី​គុក​ក្នុងការ​រត់គេច​ដ៏​ព្រហើន​របស់លោក​ពីថ្ងៃ​សៅរ៍​នោះ​។​
​លោក Osorio Chong បាន​ថ្លែងថា ​លោក​បាន​សម្រេចចិត្ត បណ្តេញ​ប្រធាន​គុក Altiplano ក៏ដូចជា​ប្រមុខ​ប្រព័ន្ធ​ពន្ធនាគារ​ជាតិ​និង​អគ្គ​សម្របសម្រួល​ដើម្បី សម្រួល​ដល់​ការស៊ើបអង្កេត​។​
​ក្រុម​រដ្ឋអាជ្ញា​ម៉ិក​ស៊ិក ដែល​កំពុង​ស៊ើបអង្កេត​ការរត់​គេចខ្លួន​របស់​ស្ដេច​គ្រឿងញៀន ហ្គូ​ស្មាន់ ក៏បាន​ឃុំខ្លួន​មន្ត្រី​គុក​ ២២​ នាក់​ពីថ្ងៃ​ពុធ ជុំវិញ​ការសង្ស័យថា​ អ្នកទោស​រត់គេចខ្លួន​ជើងឆើត​នោះ​មានការ​ជួយ​ពី​ខាងក្នុង​។​
​ខណៈ​ការតាមប្រមាញ់​លោក​ហ្គូ​ស្មាន់ ចូល​ថ្ងៃទី​បី​នោះ ការិយាល័យ​អគ្គមេធាវី បាន​ដោះលែង​បុគ្គលិក​គុក​ ១២ ​នាក់ ក្នុងចំណោម ​៣៤ ​នាក់ ដែល​ត្រូវ​សួរចម្លើយ​ចាប់តាំងពី​ថ្ងៃអាទិត្យ​មក​។​
​ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា ក្រុម​អាជ្ញាធរ​ម៉ិក​ស៊ិក កំពុង​ឆែកឆេរ​សណ្ឋាគារ មន្ទីរ​ពេទ្យ និង​ផ្ទះ ធ្វើ​បុណ្យសព​ទាំងឡាយ​នៅក្នុង​ការ​តាម​ប្រមាញ់ ហ្គូស្មាន់ ខណៈ​កំពុង​លើក​ស្ទួយ​ប្រតិបត្តិការ​នៅឯ​ព្រំដែន​ក្វា​តេ​ម៉ា​ឡា​។​
​ក្រសួងមហាផ្ទៃ បាន​និយាយ​ថា ប៉ុស្តិ៍ ឆែកឆេរ ​១០១​ កន្លែង​ត្រូវបាន​ដាក់​នៅ លើផ្លូវ​សំខាន់ៗ​និង​ផ្លូវ​ហាយវ៉េ​ ២១ នៃ​ ៣១ ​រដ្ឋ​និង​ក្រុង​របស់​ប្រទេស​។ ខិត្តប័ណ្ណ​ជាង​ ១០ ​ម៉ឺន​សន្លឹក​ដែលមាន​រូបថត​ហ្គូ​ស្មាន់ ត្រូវបាន​ចែកចាយ​។
ប៉ូលិស​ប្រ​​មាណ​ ១២៥០ ​នាក់ ត្រូវ​បាន​បែងចែក ជា​ក្រុម​រុករក​ពិសេស ជុំវិញ គុក Altiplano ខណៈ​កម្លាំង​ពិសេស​ជាង​១៨០​នាក់​មកពី​អាវុធហត្ថ កំពុង​រុករក​ស្តេច​គ្រឿងញៀន រដ្ឋ Sinaloa នេះ​៕

Khmer Boxing Welcome!!


Flag Counter



Popular Posts