មិន​សូវ​ចេះ​ទំនាក់ទំនង​មែន​ទេ? ​​​​គន្លឹះ​ទាំង​៥​នេះ​អាច​ជួយ​អ្នក​បាន!

គន្លឹះ​​៥ សំខាន់ៗ ក្នុង​ការ​ពង្រឹង​ជំនាញ​ទំនាក់ទំនងប្រភព៖​ Business Insider
មិនថា​នៅ​កន្លែង​ធ្វើការ សាលារៀន សហគមន៍​ ឬ​នៅ​កន្លែង​ណា​ទេ ការ​ទំនាក់ទំនង​ពិត​ជា​មាន​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ព្រោះ​វា​ជា​ផ្នែក​មួយ​ដ៏​ធំ​ក្នុង​ការ​ជំរុញ​ឲ្យ​មនុស្ស​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​ខ្លួន​ដែល​ចង់​បាន ហើយ​ក៏​អាច​និយាយ​បាន​ថា​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​ផង​ដែរ។ ផ្ទុយ​ទៅវិញ ប្រសិនបើ​មនុស្ស​គ្មាន​​​ទំនាក់ទំនង​ល្អ​​ជា​មួយ​អ្នក​ដទៃ​ទេ គេ​នឹង​ប្រឈម​​​បញ្ហា​ជា​ច្រើន​ដូចជា ការ​រស់​នៅ​ដោយ​ភាព​ឯកោ ការ​បាត់បង់​ការងារ ការ​ធ្វើ​ការងារ​ជា​ក្រុម​ដោយ​គ្មាន​ប្រសិទ្ធ​ភាព និង បញ្ហា​ជា​ច្រើន​ទៀត។

ដូច្នេះ​ការ​ពង្រឹង​ជំនាញ​ទំនាក់ទំនង ត្រូវ​តែ​ធ្វើ​ឡើង ​ជា​បន្ទាន់ ដើម្បី​ជៀស​វាង​បញ្ហា​មួយ​ចំនួន​ដូច​បាន​រៀប​រាប់​ខាងលើ។ តើ​មាន​គន្លឹះ​អ្វី​ខ្លះ​ក្នុង​ការ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ប្រសើរ? យើង​អាច​ប្រើ​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម ដែល​អាច​ពង្រឹង​ជំនាញ​នេះ​បាន៖



១) ការ​បើក​ចិត្ត​ឲ្យ​ទូលាយ


មាន​មនុស្ស​ជាច្រើន មិន​ចូលចិត្ត​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ជុំវិញ​ទេ ដោយសារ​មិន​បាន​បើក​ចិត្ត​ឲ្យ​ទូលាយ។ ក្នុង​ន័យ​នេះ ពួកគេ​មិន​ចូល​ចិត្ត​ទទួល​យក​គំនិត​ពី​អ្នកដទៃ​ទេ ព្រោះ​គិតថា ខ្លួន​មាន​គំនិត ត្រឹម​ត្រូវ​ឬ ល្អ​ជាង​អ្នក​ដទៃ ដូច្នេះ​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​របស់​គេ​មិន​មាន​ភាព​ល្អ​ប្រសើរ​ជា​មួយ​អ្នក​ជុំវិញ​ខ្លួន​ទេ។ ​​ទម្លាប់​មិន​បើក​ចិត្ត​ឲ្យ​ទូលាយ នឹង​ធ្វើ​ឲ្យ​មនុស្ស​មិន​អាច​ធ្វើ​កិច្ចការ​អ្វី​ប្រកប​ដោយ​ប្រសិទ្ធភាព ឬ ជោគជ័យ​នោះ​ទេ ​បើ​គ្មាន​ការ​ចូលរួម​ពី​អ្នកដទៃ។ មនុស្ស​ម្នាក់ៗ​ត្រូវ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក​គំនិត​ពី​អ្នកដទៃ បើ​ទោះ​បី​ជា​មាន​ពេល​ខ្លះ​ខុស ឬ ត្រូវ​ក៏​ដោយ ព្រោះ​វា​ជា​រឿង​ធម្មតា​ទេ​ តែ​អ្វី​ដែល​សំខាន់​នោះ ​​គឺ​​អ្នក​​អាច​ពង្រឹង​ការ​ទំនាក់​ទំនង​របស់​យើង​កាន់​តែ​ប្រសើរ​ជាង​មុន។



២) ទម្លាប់​បង្កើត​ស្នាម​ញញឹម

ស្នាម​ញញឹម​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ទំនាក់​ទំនង​រវាង មនុស្ស និង មនុស្ស ព្រោះ​វា​បង្ហាញ​ពី​ការ​ស្វាគមន៍​គ្នា​ប្រកប​ដោយ​ភាតរភាព។ នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ជួប​គ្នា ហើយ​ពួកគេ​មិន​បាន​ញញឹម​ដាក់​គ្នា​ទេ​នោះ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ប្រាកដជា កម្រ​នឹង​កើត​ឡើង​ណាស់។ ប៉ុន្តែ​ប្រសិន​បើ​មាន​នរណា​ម្នាក់​បញ្ចេញ​ស្នាមញញឹម​របស់​ខ្លួន ទៅ​កាន់​ដៃ​គូរ​ម្ខាង​ទៀត​នោះ វា​ជា​ការ​បង្កើត​ភាព​រាក់ទាក់​ដាក់​គ្នា​ ហើយ​ពួកគេ​នឹង​ចាប់​ផ្តើម​សន្ទនា​លើ​ប្រធានបទ​ដែល​ពួកគេ​ចង់​បាន​យ៉ាង​ល្អ​ជា​មិន​ខាន។





៣)​ ការ​ស្វែង​យល់​អំពី​ដៃ​គូ​ឲ្យ​បាន​ច្រើន

បើសិនជា ​អ្នក​មិន​ដឹង​ព័ត៌មាន​ច្រើន​អំពី​ដៃ​គូ​​ ដែល​អ្នក​​ចង់​​ទាក់ទង​ទេ​នោះ ​វា​ពិត​ជា​មាន​ការ​លំបាក ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ឈាន​ទៅ​រក​ភាព​វិជ្ជមាន ព្រោះ​នៅ​ពេល​ដែល​អ្នក​​ដឹង​ច្រើន​ មាន​ន័យ​​ថា​ ​អាច​ជៀសវាង​ ​ចំណុច​​ដៃ​គូរ​ម្ខាង​ទៀត​មិន​ចូលចិត្ត ហើយ​អាច​និយាយ​ពី​ចំណុច​ផ្សេងៗ​ដែល​គួរ​ឲ្យ​ពេញចិត្ត។ ក្នុង​ន័យ​នេះ វា​បង្ហាញ​ពី​ចំណុច​ទាក់ទាញ​មួយ ព្រោះ​ដៃ​គូរ​ម្ខាងទៀត ប្រាកដ​ជា​យល់​ថា ពេញ​ចិត្ត​ចំពោះ​ក្នុង​ការ​សន្ទនា​ជា​មួយ​យើង។



៤) មាន​ចំណេះដឹង​គ្រប់គ្រាន់​លើ​ប្រធានបទ​ដែល​ចង់​ពិភាក្សា

ជាទូទៅ ក្នុង​ពេល​ធ្វើ​ទំនាក់​ទំនង​ផ្សេងៗ រឿង​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​គឺ ប្រធាន​បទ​ច្បាស់​លាស់​មួយ​ដែល​ត្រូវ​ពិភាក្សា។ ក្នុង​ស្ថានភាព​នេះ បើ​យើង​មិន​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់ ទៅលើ​ប្រធានបទ​ដែល​ចង់​ពិភាក្សា​នោះ​ទេ វា​ធ្វើ​ឲ្យ​ដៃ​គូរ​ម្ខាង​ទៀត​មិន​ពេញចិត្ត ព្រោះ​គេ​អាច​គិត​ថា មិន​គួរ​ចំណាយ​ពេល​វេលា​អត់ប្រយោជន៍​ជា​មួយ​យើង​នោះ​ទេ។ ដូច្នេះ​យើង មុន​នឹង​សម្រេច​ពិភាក្សា​ជា​មួយ​នរណា​ម្នាក់ យើង​គួរ​សិក្សា​ស្វែង​យល់​អំពី​ប្រធានបទ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​បង្កើន​ទំនុក​ចិត្ត។ ការ​ធ្វើ​បែបនេះ វា​អាច​ជួយ​ឲ្យ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង។



៥) នៅ​ពេល​ធ្វើ​ខុស ត្រូវ​ហ៊ាន​សារភាព

បើ​ទោះបី​ជា​យើង ជា​មនុស្ស​អស្ចារ្យ​ប៉ុណ្ណា​ក៏​ដោយ តែ​អ្វី​ដែល​សំខាន់​នោះ ត្រូវ​ហាន​សារភាព​អំពី​កំហុស​របស់​ខ្លួន​។ គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​ទេ ដូច្នេះ​ការ​ដែល​ហាន​សារភាព គឺ​វា​បង្ហាញ​ពី​តម្លៃ​របស់​យើង ក្នុង​នាម​ជា​មនុស្ស​ចេះ​ទទួល​ខុស​ត្រូវ​ម្នាក់។ ការ​ធ្វើ​បែប​នេះ វា​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​យើង។ វា​ជា​ចំណុច​ដ៏​សំខាន់ ក្នុង​ការ​ពង្រឹង​ជំនាញ​ទំនាក់​ទំនង ដែល​ពិត​ជា​មិន​អាច​ខ្វះ​បាន​ឡើយ៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ Business Insider & lifehack

Khmer Boxing Welcome!!


Flag Counter



Popular Posts