សារព័ត៌មានក្នុងតំបន់ឲ្យដឹងថា អាជ្ញាធរទេសចរណ៍ថៃបានសម្អិតសម្អាងផែនការទីផ្សារ សម្រាប់ឆ្នាំក្រោយរបស់ខ្លួនរួចហើយ ដោយយកជំហរថា រាជាណាចក្រថៃ ជាគោលដៅដ៏មានគុណភាពខាងទេសចរណ៍ និងមានបំណងរក្សាខ្លួនជាប្រទេសមានប្រាក់ចំណូលខ្ពស់ពីទេសចរណ៍កំពូលនៅអាស៊ី។
រដ្ឋមន្ត្រី ទេសចរណ៍ និងកីឡាKobkarn Wattanavrangkul កាលពីថ្ងៃច័ន្ទ បានអំពាវនាវឲ្យឧស្សាហកម្មទាំងមូល ក្នុងនោះមានទាំងវិស័យឯកជន និងរដ្ឋធ្វើការលើគោលការណ៍នៃអក្សរR បីគឺ រៀបចំរចនាសម្ព័ន្ធធ្វើឲ្យមានតុល្យកម្មឡើងវិញ និងការតាំងជំហរឡើងវិញ។ គោលបំណងគឺធ្វើឲ្យប្រទេសក្លាយជាគោលដៅទេសចរណ៍ដ៏មានគុណភាព។
លោកស្រីKobkarn Wattanavrangkul និយាយថា ផែនការទីផ្សារឆ្នាំ ២០១៦ របស់ អាជ្ញាធរទេសចរណ៍ថៃផ្តោតទៅលើការបង្កើនចំណាយទេសចរណ៍ ដំឡើងមធ្យមភាគនៃរយៈពេលស្នាក់នៅ និងធ្វើឲ្យប្រសើរឡើង នូវគុណភាពជាទូទៅ នៃបទពិសោធន៍របស់អ្នកទេសចរណ៍។ ដោយសារតែអស្ថិរភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមជាមួយកង្វះនូវកម្លាំងងើបឡើងវិញនៃប្រទេសជប៉ុន ភ្នាក់ងារទេសចរណ៍ពេលនេះ ផ្ដោតទៅលើទីផ្សារកំពុងងើបឡើង ពិសេសគឺចិន ឥណ្ឌា និងបណ្ដាប្រទេសអាស៊ាន។ នៅថ្ងៃសុក្រខាងមុខ លោកស្រីរដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ នឹងចុះហត្ថលេខាលើ ការព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ស្តីពីអ្នកជំនាញទេសចរណ៍ ជាមួយអគ្គលេខាធិការអាស៊ាន ដើម្បីជំរុញទេសចរណ៍នៅទូទាំងតំបន់ ក៏ដូចជា បង្កើនកម្លាំងការងារក្នុងឧស្សាហកម្មធ្វើដំណើរនេះនៅទូទាំងតំបន់។
កាលពីឆ្នាំកន្លងទៅ នៅប្រទេសថៃ បណ្ដាប្រទេសលោកខាងលិច បានរួមចំណែក៦០% នៃការទៅដល់ នៃទេសចរណ៍ និងអាស៊ី៤០%។ អនុបាតនេះត្រូវបានរំពឹងថា នឹងមានការប្រែប្រួលទៅ ៥០% ទល់៥០% នៅឆ្នាំនេះ ដោយសារតែ មានទេសចរណ៍ច្រើននឹងមកពីអាស៊ី។ គ្រាន់តែចិនមួយ គេរំពឹងថា នឹងរួមចំណែកជាទេសចរណ៍ប្រមាណ៦លាននាក់នៅឆ្នាំនេះ ហើយ៧លាននាក់នៅឆ្នាំក្រោយ។ អាជ្ញាធរទេសចរណ៍ថៃកត់សម្គាល់ថា ថៃមានការតភ្ជាប់តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ ហើយអនុញ្ញាតឲ្យមានការលើកទិដ្ឋាការ និងការផ្ដល់ទិដ្ឋាការនៅពេលទៅដល់សម្រាប់ពលរដ្ឋពី៦៨ប្រទេស និងដែនដី។
យុទ្ធសាស្ត្រលក់នៅឆ្នាំ២០១៦ នឹងរក្សាស្លាកយីហោ “Amazing Thailand” ក៏ដូចជា អត្តសញ្ញាណ “ភាពជាថៃ” ដោយប្រមូលផ្តុំទៅលើទីផ្សារនានា ដូចជាអ្នកលេងកូនគោល អ្នករៀបការថ្មី និងអ្នកមកក្រេបទឹកឃ្មុំ ទេសចរណ៍សុខភាព និងផាសុកភាព និងទេសចរណ៍អាហារ halal សម្រាប់មូស្លីម។ មិនតែប៉ុណ្ណោះ មានការយកចិត្តទុកដាក់ដល់អ្នកដំណើរស្ត្រីផងដែរ៕