ភ្នំពេញ: ព័ត៌មាន​ពី​តារាចម្រៀង​បាន​សម្រស់ កញ្ញា អ៊ីវ៉ា វេច​សម្ពាយ​ចាកចេញ​​​​ពី​ផលិតកម្ម​សាន់ដេ​រត់​​ទៅ​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ថោន កំពុង​ដុត​កម្ដៅ​ដុំ​ចិត្ត​ម្ចាស់​ផលិតកម្ម​សាន់ដេ​ដោយ​​ចេញ​សារ​ប្រតិកម្ម​ដាច់ខាត​ថា អ៊ីវ៉ា គ្មាន​ថ្ងៃ​រត់​ចោល​ទ្រនំ​នេះ​ឡើយ​។
តាំងពី​ឆ្នាំ ២០០៩ អ៊ីវ៉ា បាន​ជ្រក​ផលិតកម្ម​សាន់ដេ និង​មាន​បទចម្រៀង​ល្បី​ជា​បន្តបន្ទាប់​លក់​លើ​ទីផ្សារ​រហូត​ជាប់​ងារ​ម្ចាស់​បទ «​អាក្រក់​ល្អ​បង​ជា​សង្សារ​អូន»​ និង «ទឹកអប់​មាន​ពិស» ជាដើម។ ប៉ុន្តែ​តារាចម្រៀង អ៊ីវ៉ា ដែល​មាន​ឈ្មោះ​កំណើត ឃិន ស្រីនាថ បែរ​ជា​ផ្ទុះ​ដំណឹង​រត់​ទៅ​ជ្រក​នៅ​ថោន​ដោយ​​សម្ងំ​ថត​បទចម្រៀង​ថ្មីៗ​ត្រៀម​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​។
ជាមួយ​ចំហាយ​ព័ត៌មាន​​​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា អ៊ីវ៉ា សម្រេច​វេចបង្វេច​​ចេញ​ពី​សាន់ដេ​ដែល​ធ្លាប់​ជប់​ឲ្យ​នាង​ល្បី​លើ​អាជីព​ចម្រៀង​នោះ​ព្រោះ​តែ​នាង​អាក់អន់​ចិត្ត​មិន​សូវ​មាន​បទ​និពន្ធ​សម្រាប់​នាង​ម្យ៉ាង​នាង​ក៏​អត់​ឱកាស​ធ្វើ​តួឯក​ក្នុង​ភាពយន្ត​នៅ​ទ្រនំ​នេះ​ផង​ដែរ​។
ជុំវិញ​ដំណឹង​លេចឮ​នេះ ភ្នំពេញ ប៉ុស្តិ៍​ មិន​អាច​សុំ​ការ​បកស្រាយ​ពី អ៊ីវ៉ា បាន​​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​​ដកស្រង់​​ពី​វេបសាយ​ក្នុង​ស្រុក​កញ្ញា​អះអាង​ថា៖ «ឥឡូវ​នាង​ខ្ញុំ​អត់​ទាន់​ដឹង​ថា​តើ​គួរ​បន្ត​កុងត្រា​​ទៀត​​ ឬ​អត់​?​តែ​បើ​កុងត្រា​ថ្មី​​ក្រុមហ៊ុន​​ឲ្យ​ធ្វើ​ ១ ​ឆ្នាំ ឬ​ ៣ ​ឆ្នាំ​នោះ​នឹង​ធ្វើការ​ពិចារណា​»។
ដោយឡែក​គណនី​ហ្វេសប៊ុក​ផ្លូវការ​មាន​​ឡូហ្គោ​ផលិតកម្ម​សាន់ដេ​បាន​សរសេរ​ប្រតិកម្ម​ចំពោះ​វេបសាយ​ពីរ​ដែល​​ចុះ​ផ្សាយ​ថា តារាចម្រៀង អ៊ីវ៉ា ចេញ​ពី​សាន់ដេ​ចូល​ផលិតកម្ម​ថោន​ដោយ​មិន​បាន​សួរ​នាំ​អ្នក​គ្រប់គ្រង​។
ម្ចាស់​ផលិតកម្ម​សាន់ដេ លោក ឡាយ សុខចំរើន បាន​អះអាង​ថា៖ «​​កញ្ញា អ៊ីវ៉ា កំពុង​ថត​បទចម្រៀង​ថ្មី​ជាច្រើន​ហើយ​នាង​គ្មាន​​ថ្ងៃ​​ចេញ​ពី​សាន់ដេ​ឡើយ​ព្រោះ​​នាង​ជា​តារាចម្រៀង​ដ៏សំខាន់​ក្នុង​ផលិតកម្ម​សាន់ដេ​ដែល​​មិន​អាច​ខ្វះ​បាន​ឡើយ​»។
ផ្ទុយ​ទៅវិញ​ប្រភព​ពី​ក្រុម​ការងារ​ផលិតកម្ម​ថោន​បាន​បង្ហើប​ឲ្យ​​ដឹង​ថា កញ្ញា អ៊ីវ៉ា កំពុង​សម្ងំ​ថត​បទចម្រៀង​ថ្មីៗ​ជាច្រើន​​​ត្រៀម​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​ព្រោះ​នាង​បាន​ស្គាល់​អ្នកនិពន្ធ​ម្នាក់​នៅ​ទ្រនំ​ថោន​ហើយ​​ក៏​ជា​អ្នក​និពន្ធ​ដែល​សរសេរ​ចម្រៀង​ឲ្យ​នាង​ច្រៀង​ពី​ដំបូង​រហូត​បាន​ល្បី​​ដល់​សព្វថ្ងៃ។
មិន​ទាន់​ដឹង​ថា​តារាចម្រៀង អ៊ីវ៉ា និង​លោក ឡាយ សុខចំរើន ដោះស្រាយ​គ្នា​យ៉ាង​ណា​ទេ​ព្រោះ​តារា​ល្បី​ដូរ​ផលិតកម្ម​ច្រៀង​ប្រឈម​​​​បញ្ហា​ចម្រូងចម្រាស​ច្រើន​​អាច​ដល់​​ការ​ប្ដឹងប្ដល់​។
ជួប​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ តាម​ទូរស័ព្ទ​លោក ឡាយ សុខចំរើន អះអាង​ថា៖ «អ៊ីវ៉ា នាង​គ្មាន​វេចបង្វេច​ទៅ​ណា​ដូច​គេ​ល្បី​នោះ​ទេ​។ គេ​ចេះ​តែ​ប្រឌិត​ដំណឹង​បង្ក​ការ​ភ្ញាក់ផ្អើល»។ លោក​បន្ត​ថា៖ «​រឿង​កុងត្រា​វា​ជា​រឿង​សម្ងាត់​ផលិតកម្ម​ និង​សាមី​ខ្លួន​មិន​អាច​លើក​មក​និយាយ​បាន​ទេ​តែ​ពេល​នេះ អ៊ីវ៉ា មិន​បាន​ទៅ​ណា​ហើយ​ក៏​កំពុង​ថត​បទចម្រៀង​ថ្មីៗ​ទើប​ចេញ​លក់​ដែរ​»។
លោក ឡាយ សុខចំរើន បន្ថែម​ថា៖ «នាង​គ្មាន​ថ្ងៃ​ទៅ​ណា​ចោល​ផលិតកម្ម​ទេ កុំ​ចេះ​តែ​ជឿ​គេ​និយាយ​បង្ខូច​ហ្នឹង​»៕

Khmer Boxing Welcome!!


Flag Counter



Popular Posts