​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ភូ​ទ្រុង (Nguyen Phu Trong) បាន​ធ្វើដំណើរ​ទៅកាន់​សេត​វិមាន ជា​លើកដំបូង​កាលពី​ថ្ងៃ​៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ គឺ​ធ្វើឡើង​ចំ​ពេល​នៃ​ពិធី​រំលឹក​ខួប​២០​ឆ្នាំនៃ​ការស្តារ​ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ​បាន​ជជែក​ពី​ការ​រឹតចំណង​មិត្តភាព ដោះស្រាយ​បញ្ហា​សន្តិសុខ​ផ្តោត​សំខាន់​​សន្តិសុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជា​ដើម​។  បន្ទាប់​ពី​ជំនួប​មេដឹកនាំ​ទាំង​ពីរ លោក អូ​បា​ម៉ា បាន​សន្យា​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​វៀតណាម​វិញ​នៅ​ចុងឆ្នាំ​២០១៥​នេះ​។​
លោក Trong ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​៤​នាក់ ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​វៀតណាម គឺ​រួមមាន​លោក​ប្រធានាធិបតី Truong Tan Sang នាយករដ្ឋមន្ត្រី Nguyen Tan Dung និង​ប្រធាន​សភាជាតិ​លោក Nguyen Sinh Hung។​
​វៀតណាម និង​អាមេរិក​គឺ​ជា​អតីត​គូសត្រូវ​គ្នា​ក្នុង​សម័យ​ទសវត្សរ៍​៥០ ៦០ និង​៧០ ដែល​សង្គ្រាម​ពេលនោះ​បាន​ធ្វើឲ្យ​កងទ័ព​អាមេរិក​ប្រមាណ​៦​ម៉ឺន​នាក់​បាន​ស្លាប់ ចំណែក​ប្រជាជន និង​កងទ័ព​វៀតណាម​ប្រមាណ​ជាង​១​លាន​នាក់​បាន​ស្លាប់​។​
​សម្រាប់​មេដឹកនាំ​យោធា​ភូមា​វិញ លោក ថេន សេន ក៏​ត្រូវ​បាន​សេត​វិមាន​អញ្ជើញ​ឲ្យធ្វើ​ទស្សនកិច្ច ជាការ​រឹតចំណង​មិត្តភាព​កាលពី​ឆ្នាំ​២០១៣​។ ពេល​បំពេញ​ទស្សនកិច្ច​នោះ អាមេរិក​ស្នើ​ឲ្យ​ភូមា​ពង្រឹង​ការគោរព​សិទ្ធិមនុស្ស ចំណែក​ភូមា​វិញ​ស្នើ​ឲ្យ​អាមេរិ​កជួយ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​។​
ជំនួប​រវាង​លោកប្រធានាធិបតី​ភូមា​ ថេនសេន និង​ប្រធានាធិបតី​អាមេរិក អូបាម៉ា​ កាលពី​ពេល​កន្លងមក​
​មិនមែន​តែ​មេដឹកនាំ​វៀតណាម និង​ភូមា​ទេ​ដែល​សេត​វិមាន​អញ្ជើញ​ឲ្យធ្វើ​ទស្សនកិច្ច​នោះ គឺ​មេដឹកនាំ​ផ្សេងទៀត​នៅ​អាស៊ី​ដូចជា ឥណ្ឌា ហ្វីលីពីន កូរ៉េខាងត្បូង និង​ជប៉ុន​ជាដើម ក៏​ទទួលបាន​ការអញ្ជើញ​បែបនេះ​ដែរ​។  
​ចំណុច​នេះនាំឲ្យ​មាន​ការ​ចោទសួរ​ថា ចុះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ ម៉េច​​មិន​​ទទួល​បាន​អញ្ជើញ​បែបនេះ​?
សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់ឃើញថាអាមេរិក​ស្និទ្ធ​ជាមួយ​វៀត​ណាម និង​ភូមា​ជាង​កម្ពុជា ព្រោះ​អាមេរិក​កំពុង​ត្រូវការ​ភូមិសាស្ត្រ​នយោបាយ ទីតាំង​វៀតណាម និង ភូមា ដើម្បី​ទប់​ស្តាត់​ឥទ្ធិពល​របស់​ចិន​។ លោក​បន្តថា ឲបញ្ហា​នយោបាយ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​កម្ពុជា ក៏​មាន​ការ​ប៉ះទង្គិច​ជាមួយ​អាមេរិក​ខ្លះ​ដែរ​ដូចជាការបង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម​ដើម​។​
​ចំណុច​នេះ លោក សូ ចន្ថា ក៏​មើលឃើញ​ថា​នយោ​បាយ​ការបរទេស​របស់​កម្ពុ​ជា​ហាក់​នៅ​ទន់ខ្សោយ​ក្នុង​ទំនាក់ទំនង​ជា​អន្តរជាតិ​។  
​លោក សូ ចន្ថា បន្តថាបើ​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ធ្វើ​បាន​ត្រឹមត្រូវ ទទួល​បាន​ទាំង​ការ​គាំពារនិង​ផលប្រយោជន៍​សេដ្ឋកិច្ច​។ លោក​ថា​៖ «​ពេល​ដែល​នយោបាយ​ការទូត​ល្អ​រវាង​ប្រទេស​តូច និង​ប្រទេស​មហាអំណាច វា​ចំនេញ​ដល់​ប្រទេស​តូច​ហ្នឹង​ច្រើន​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​ពី​ប្រទេស​មហាអំណាច​នោះ​។ ទី​២ ការផ្តល់​វិនិយោគទុន​ទៅវិញទៅមក ដែល​ជា​ការ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ជាពិសេស​គឺ​អាច​រុញ​ដល់​កំណើន​សេដ្ឋកិច្ច​ផងដែរ​»​។​
​បើ​ពិនិត្យ​មើល​លើ​ទំនាក់ទំនង​ការបរទេស​វិញ គឺ​មេដឹកនាំ​ភូមា​ប្តេជ្ញា​ធ្វើកំណែទម្រង់​ដឹកនាំ និង ការគោរព​សិទ្ធិមនុស្ស ចំណែក​មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​ក៏​ប្រកាស​បើកចំហការ​ពិភាក្សា​ជាមួយ​អាមេរិក​លើ​គ្រប់​បញ្ហា​ដែរ ទាំង​នយោបាយ សេដ្ឋកិច្ចនិង​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ដើម​។​
សា​ស្ត្រា​ចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក មាស នី យល់ឃើញថាមូលហេតុ​ដែល​ពិបាក​ឲ្យ​កម្ពុជា​​ស្និទ្ធ​ជាមួយ​អាមេរិក ព្រោះ​ប្រព័ន្ធគ្រប់គ្រង​ជំនួយ​មិន​មាន​តម្លាភាព នាំ​ឲ្យ​កម្ពុជាពិបាក​ទទួលយក​ជំនួយ​ពី​អាមេ​រិកហើយ​ងាក​ទៅ​ចិន​។​
​លោក មាស នី បន្តថា ការ​ដែល​កម្ពុជា​រឹងរូស​មិន​ស្តាប់​មតិ​ពី​បណ្តាល​ប្រទេស​សេរី ក៏​អាច​ធ្វើឲ្យ​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​មហាអំណាច​អាមេរិក និង​ឲ្យ​ប្រទេស​ឈានទៅរក​ភាព​ឯកោ​។ លោក​បញ្ជាក់ថា​៖ «​យើង​អត់​សូវ​ស្តាប់​មតិ​ពិភពលោក ដូចជា​ច្បាប់​របស់​អង្គការ ដែល​ប៉ុន្មាន​ថ្ងៃមុន ទោះបី​មាន​ពាក្យ​ទិតៀន គេ​សុំ​ឲ្យ​យើង​កែប្រែ យើង​អត់​កែ ហើយ​យើង​នៅ​ជម្នះ​រហូត ហើយ​រឿង​នេះ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ណាស់​សម្រាប់​ខ្មែរ​នៅពេល​អនាគត ជួន​កាល​បើ​មាន​សង្គ្រាម យើង​ហៅ​ថា​សង្គ្រាមត្រជាក់​កើតឡើង គឺ​ខ្មែរ​ឯកោ​តែម្តង​»​។​
លោក សូ ចន្ថា ផ្តល់​អនុសាសន៍​ថា កម្ពុជា​គួរ​ដើរ​នយោបាយ​ការទូត​ផ្លូវកណ្តាល មិន​ទោរ​ទៅរក​មហាអំណាច​ណា​មួយ​ខ្លាំងពេក ទើប​ទទួលបាន​ផល​ល្អ​សម្រាប់​ជាតិ​។ លោក​បញ្ជាក់ថា​៖ «​សហរដ្ឋអាមេរិក​ផ្តាច់មុខ​សម័យ​សាធារណរដ្ឋ យើង​ទទួលបាន​នូវ​ការទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​នៅ​ប្រទេស​កម្ពុជា​។ ក៏​ប៉ុន្តែ​បើ​យើង​ផ្កាប់មុខ​ទៅរក​ចិន ដូច​ជំនាន់ ប៉ុល ពត មានន័យថា​យើង​ខាតបង់​ប្រយោជន៍​យ៉ាងច្រើន​ដែល​បាត់បង់​ទៅ​ប្រទេស​ចិន​។ អ៊ីចឹង​នៅពេលនេះ កម្ពុជា​គួរតែ​ធ្វើ​នយោបាយ​ការទូត​ដែល​ស្មើភាព​ជាមួយ​ប្រទេស​ទូទៅ យើង​អាច​យក​ឧទាហរណ៍​ប្រទេស​សិង្ហបុរី ប្រទេស​ស្វ៊ី​ស​ជា​ដើម​»​។​
​បច្ចុប្បន្ន​អាមេរិកនិង​ចិន​កំពុង​ប្រើ​មនោគមវិជ្ជា​ប្រកួតប្រជែង​នៅ​អាស៊ីអាគ្នេយ៍ គឺ​នៅ​ពេល​ដែល​លោក ង្វៀន ភូ​ទ្រុង បំពេញ​ទស្សនកិច្ច​ទៅ​អាមេរិក​នៅ​ថ្ងៃទី​៧ ខែ​កក្កដា​នោះ លោក ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​របស់​កម្ពុជា ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៥​ដដែល​៕
​សូម​សរសេរ​មក​លោក  ពៅ មេត្តា  តាមរយៈ minpov@vodhotnews.com


Khmer Boxing Welcome!!


Flag Counter



Popular Posts