Alexis Sanchez របស់កាំភ្លើងធំ Arsenal គឺជាពេជ្ឈឃាដចុងក្រោយ និងជាវីរបុរសរបស់ឈីលី ដែលជួយឲ្យម្ចាស់ផ្ទះលើកពានមួយនេះ បន្ទាប់ពី Gonzalo Higuaín របស់ក្លិប Napoli ស៊ុតរំលងរបារទីទៅខាងលើ និង Ever Banega របស់ក្លិប Sevilla បានស៊ុតត្រូវអ្នកចាំទី Claudio Bravo របស់ឈីលី ជួយសង្គ្រោះបានទៀត។
ឈីលី ដែលមានសាច់បាល់គ្រប់គ្រងដល់ទៅ៥៧% និងស៊ុតបាន១៨ជើងយប់មិញនេះ បានចូលលេងក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ តាំងពីឆ្នាំ១៩១៦ ប៉ុន្តែមិនដែលធ្លាប់លើកពានឡើយ ដោយបានត្រឹមជើងឯករង៤ដង (១៩៥៥, ១៩៥៦, ១៩៧៩ និង១៩៨៧)។
ចំណែកឯក្រុមជម្រើសជាតិអាហ្សង់ទីនវិញ ខកខានលើកពានអន្តរជាតិធំៗរយៈពេល២២ឆ្នាំហើយ បើគិតចាប់ពីលើកពាន Copa America នេះលើកចុងក្រោយ កាលឆ្នាំ១៩៩៣ នៅប្រទេសអេក្វាឌ័រ ខណៈដែលកីឡាករឆ្នើមម្ចាស់ពាន Ballon d’Or ៤សម័យកាល Lionel Messi ខកខានលើកពានក្នុងព្រឹត្តិការណ៍ដ៏ធំម្ដងទៀត បន្ទាប់ពីអាហ្សង់ទីន ចាញ់អាល្លឺម៉ង់ នៅ World Cup ឆ្នាំមុន៕