ដោយ៖​ វីអូឌី​ | ថ្ងៃសុក្រ ទី12 មិថុនា 2015, 09:58 AM​

សិស្ស​សាលានៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ពាក់​ម៉ាស់​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម (រូបថត៖ www.indianexpress.com)
​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ របស់​សហរដ្ឋអាមេរិក ជំងឺ​ផ្លូវដង្ហើម​មជ្ឈឹម​បូព៌ា MERS គឺ​ជា​ជំងឺ​ផ្លូវដង្ហើមបង្កឡើង​ដោយ​វីរុស​ឈ្មោះ​កូរ៉ូណា​វីរុស​ថ្មី (MERS-CoV) ។ ជំងឺ MERS ធ្វើឲ្យប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម (​សួត និង​បំពង់ខ្យល់​) ។ អ្នកជំងឺ MERS ភាគច្រើន​មាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច ដែល​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ ក្អក និង​ពិបាក​ដកដង្ហើម ។ អ្នកជំងឺ​៣​ទៅ​៤​នាក់​ក្នុងចំណោម​១០​នាក់​ដែល​ត្រូវ​គេ​រាយការណ៍​ថា​មាន​ជំងឺ MERS បាន​ស្លាប់ ។​
​ដំបូង​ឡើយ មន្ត្រី​សុខាភិបាល​បាន​រាយការណ៍​ជំងឺ​នេះ​នៅក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១២ ។ ក្រោយមក តាម​ការស្រាវជ្រាវ មន្ត្រី​សុខាភិបាល​បាន​កំណត់​មុខសញ្ញា​ថា ករណី​ដំបូង​នៃ​ជំងឺ MERS ដែល​គេ​បាន​ដឹង​គឺ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ហ្ស៊កដានី (Jordan) ក្នុង​ខែ​មេសា ឆ្នាំ​២០១២ ។ រហូតមកដល់​បច្ចុប្បន្ន ករណី​ភាគច្រើន​នៃ​ជំងឺ​នេះ​ត្រូវបាន​រាយការណ៍​មកពី​បណ្ដា​ប្រទេស​នៅ​មជ្ឈឹម​បូព៌ា ។​
​ថ្មីៗ​​នេះ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដោយ​មាន​មនុស្ស​យ៉ាងតិច​១២៥​នាក់​ត្រូវ​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ​នេះ និង​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់ ។​
​ដោយសារ​ជំងឺ MERS នេះ​ជា​ជំងឺ​ថ្មី នៅ​មាន​ការយល់ដឹង​ពី​ជំងឺ​នេះ​តិចតួច ហើយ​គេ​មិនទាន់​ដឹង​ពិតប្រាកដ​ពី​របៀប​ឆ្លង​នៃ​វីរុស​ដែល​បង្ក​រោគ​នេះ​នៅឡើយ​ទេ និង​គ្មាន​វ៉ាក់សាំង ឬ​ការព្យាបាល​ជាក់លាក់​សម្រាប់​ជំងឺ​នេះ​ទេ ។​ ​យ៉ាងណាក៏ដោយ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ របស់​សហរដ្ឋអាមេរិក ឲ្យដឹងថា ជំងឺ​នេះ​អាច​ឆ្លង​ទៅ​មនុស្ស​រាល់គ្នា ។ អ្នកជំងឺ MERS មាន​ចាប់ពី​អាយុ​ក្រោម​១​ឆ្នាំ​ដល់​៩៩​ឆ្នាំ ។
​ក្រសួង​សុខាភិបាល​កម្ពុ​ជា និង​អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ពី​វិធានការ​មួយចំនួន ដើម្បី​កាត់បន្ថយ​ការប្រឈមមុខ​នៃ​ការឆ្លង​ដូចជា ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​មាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ឲ្យបាន​ញឹកញាប់ ជៀសវាង​អាហារ​ដែល​មាន​សាច់​សត្វ ឬ​ទឹកដោះគោ​ដែល​ចម្អិន​មិន​ឆ្អិន​ល្អ និង​ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​កសិដ្ឋាន​ឬ​សត្វ​រស់ ឬ​លាងដៃ​ឲ្យបាន​ទៀងទាត់​មុន​ពេល​និង​បន្ទាប់​ពី​ការ​ប៉ះ​សត្វ ៕

Khmer Boxing Welcome!!


Flag Counter



Popular Posts