បន្ថែមពីលើអារម្មណ៍ដែលល្អ ការជួយខ្លួនឯង គឺជាមធ្យោបាយដ៏ល្អមួយ នៃការបន្ថយចំណង់រួមភេទ ដែលអាចកើតមាន ជាពិសេស ចំពោះអ្នកដែលមិនមានដៃគូ ឬអ្នកដែលមិនទាន់ត្រៀមខ្លួន ចំពោះការរួមភេទ។ ការជួយខ្លួនឯង ក៏ផ្តល់នូវសុវត្ថិភាព ចំពោះអ្នកដែលមិនចង់មានកូន និងគ្រោះថ្នាក់ពីការឆ្លងជំងឺកាមរោគ។
វាក៏ចាំបាច់ នៅពេលដែលបុរស ត្រូវផ្តល់គម្រូទឹកកាម សម្រាប់ការធ្វើតេស្ត មើលការមិនមានកូន ឬសម្រាប់ការបរិច្ចាកទឹកកាមជាដើម។ នៅពេលដែលបញ្ហាផ្លូវភេទ កើតមានចំពោះមនុស្សពេញវ័យ ការជួយខ្លួនឯង ត្រូវបានណែនាំ ដោយគ្រូពេទ្យឯកទេសជំងឺផ្លូវភេទ ដើម្បីអនុញ្ញាតឱ្យពួកគាត់ ដល់ចំណុចកំពូល (ជារឿយៗ ចំពោះស្ត្រី) ឬពន្យារការដល់ចំណុចកំពូល (ជារឿយៗ ចំពោះបុរស)៕