ហេតុអ្វីយុវតីទើបចប់បាក់ឌុបធ្វើជាគ្រូមតេយ្យសម្រាប់ការងារដំបូង?
ការងារធ្វើជាគ្រូមតេយ្យសម្រាប់យុវតី ដែលទើបបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យ កំពុងតែពេញនិយម។ ការងារបង្រៀននេះ គឺជាការងារទីមួយដែល ដែលយុវតីខ្មែរភាគច្រើនជ្រើសរើស។
ថ្ងៃនេះ Sabay ជួបប្រិយមិត្តនារីដែលខ្លះ ធ្លាប់ធ្វើជាគ្រូមតេយ្យ ឯខ្លះទៀតកំពុងតែបម្រើការងារនេះតែម្ដង។
១. គ្រូមតេយ្យជាការងារស្រួលរក
កញ្ញា ម៉ែន ណាធី បុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងបានប្រាប់Sabay ថា ការងារជាគ្រូមតេយ្យស្រួលរក មិនទាមទារបទពិសោធន៍។ កញ្ញា ក៏បានបន្តទៀតថា ការងារប្រភេទនេះសក្តិសមនឹង សិស្សដែលទើបបញ្ចប់ថ្នាក់បាក់ឌុប ចេះភាសាអង់គ្លេសអាចប្រើការបាន ដើម្បីរកប្រាក់ចំណូលតិចតួចសម្រាប់ចាយវាយ។ សូម្បីតែកញ្ញាផ្ទាល់ក៏បាន សាកល្បងការងារនេះដែរពេលដែលទើបចប់ បាក់ឌុបភ្លាមៗ។
២. ដើម្បីបទពិសោធន៍
ចំណែកកញ្ញា លាង សុលីដា ជានិស្សិតនៅសាកលវិទ្យាល័យវេស្ទើន បានប្រាប់ដែរថា មូលហេតុដែលកញ្ញា ដាក់ពាក្យបង្រៀនជាគ្រូមតេយ្យគឺដោយសារ ចង់បានបទពិសោធន៍ការងារ។ លីដាក៏បានបន្តទៀតថា នាងចង់ក្លាយជាគ្រូបង្រៀននៅថ្ងៃមុខ បើមានបទពិសោធន៍ស្រាប់កាន់តែល្អសម្រាប់អាជីពរបស់នាង។
៣. ស្រឡាញ់ក្មេង និង ចូលចិត្តបង្រៀន
«ខ្ញុំមានអារម្មណ៍សប្បាយចិត្តពេលនៅជិតក្មេងៗ» នេះជាការលើកឡើងរបស់យុវតី ស៊ិន គាលីតានិស្សិតអក្សរសាស្ត្រអង់គ្លេសនៃសាកលវិទ្យាល័យវេស្ទើន។
ស្រដៀងគ្នានេះដែរកញ្ញា គី គឹមសៀនជាបុគ្គលិកនៅធនាគារនិងជាអតីតគ្រូមតេយ្យមួយរូបបានឱ្យដឹងថា នាងចូលចិត្តក្មេងៗ និងចូលចិត្តធ្វើជាគ្រូបង្រៀនតាំងពីនៅតូចម្ល៉េះ។ ដូច្នេះពេលចប់បាក់ឌុបភ្លាម គឹមសៀន បានដាក់ពាក្យធ្វើជាគ្រូបង្រៀនមតេយ្យភាសាអង់គ្លេសភ្លាម។ ទោះបីជាសព្វថ្ងៃនាងមិនបានបន្តអាជីពនេះក្ដី ក៏អតីតនិស្សិតវ៉ាន់ដារូបនេះបញ្ជាក់ថា មកពីការស្រឡាញ់ចូលចិត្តទើប បម្រើការងារនេះមុនគេ។
៤. លត់ដំខ្លួនឯង
ចំពោះកញ្ញា លីម រដ្ឋានីដែលជានិស្សិតឆ្នាំទីបីនៅ សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជា អ្នកគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងដល់ក្មេងៗនៅអង្គការមួយកន្លែងបានថ្លែងថា «ដូចយើងដឹងហើយថា ក្មេងមិនមែនដូចមនុស្សធំនិយាយស្ដាប់គ្នាបានទេ យំលិចយំកើត ទំនួលខុសត្រូវច្រើន ចេះអត់ធ្មត់»។
ថានីក៏បានបន្តទៀតថា នាងផ្ទាល់លត់ដំខ្លួនឯងច្រើនជាងកាល ពីមុនចូលបង្រៀន។ ដូច្នេះបើជួបការងារពិបាកៗថ្មីទៀត ក្រៅពីអាជីពបង្រៀនក៏នាងនៅតែអាចជម្នះបាន៕
អត្ថបទ៖ ណេង/sabaynews