កាលពីយប់មិញអ្នកប្រដាល់មកពីខេត្តកោះកុង យ៉េន ឌីណា បានឈ្នះខ្សែក្រវាត់គោជល់អន្តរជាតិក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅសង្វៀន CNC ប៉ុន្តែម្ចាស់ខ្សែក្រវាត់ម្នាក់នេះបានប្រាប់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះពិតជាលំបាកខ្លាំងណាស់សម្រាប់រូបគេដែលជាហេតុធ្វើឲ្យមិនអាចវាយកីឡាករឲ្យសន្លប់បាន។
យ៉េន ឌីណា ឈ្នះខ្សែក្រវាត់យប់មិញ
សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លង យ៉េន ឌីណា បានរក្សាកំណត់ត្រាយ៉ាងល្អដោយបានផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី៤ទាំងអស់ក្នុងនោះរាប់បញ្ចូលទាំងកីឡាករឡាវ ឆ្លាក់ឆៃ សានភិឃីម ដែលជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។ កាលពីយប់មិញរូបគេបានឈ្នះកីឡាករឡាវត្រឹមតែពិន្ទុប៉ុណ្ណោះ។
ក្រោយចប់ការប្រកួតយប់មិញ យ៉េន ឌីណា បានប្រាប់ Sabay ថា ការប្រកួតផ្តាច់ព្រ័ត្រកាលពីយប់មិញជាការប្រកួតពិបាកជាងការប្រកួតមុនទាំងអស់សម្រាប់ខ្សែក្រវាត់នេះ និងមិនបានវ៉ៃដៃគូឲ្យសន្លប់បាន។ កីឡាករនិយាយថា ៖«មួយរយៈពេលខ្លីចុងក្រោយនេះ ខ្ញុំត្រូវហាត់សម្រកទម្ងន់យ៉ាងខ្លាំងដើម្បីឲ្យស្មើ៦០គីឡូក្រាម។ អីចឹងហើយខ្ញុំអត់មានកម្លាំងគ្រប់គ្រាន់ដើម្បីវាយសម្រុកខ្លាំងទេ គឺគ្រាន់តែទាត់ ធាក់ដើម្បីយកឈ្នះពិន្ទុប៉ុណ្ណោះ។ យ៉ាងណា ខ្ញុំសប្បាយចិត្ត ដែលបានឈ្នះខ្សែក្រវាត់នេះ»។
ការឈ្នះខ្សែក្រវាត់នេះ យ៉េន ឌីណា ទទួលបានពាន១ ខ្សែកមាស៣ជី ខ្សែក្រវាត់ និងប្រាក់រង្វាន់២០លានរៀល។ ចំណែកលេខ២ កីឡាករឡាវ ឆ្លាក់ឆៃទទួលបានពាន១ ខ្សែកមាស៣ជី និងប្រាក់រង្វាន់១០លានរៀល។ លេខ៣បានទៅកីឡាករកម្ពុជា សុខ សុវណ្ណា ដែលទទួលបានពាន១ ខ្សែកមាស៣ជី និងប្រាក់៦លានរៀល ខណៈលេខ៤បានទៅកីឡាករឡាវដែលទទួលបានពាន១ និងប្រាក់រង្វាន់៤លានរៀល៕
អត្ថបទ៖ ជាន ចាន់រ៉ា
យ៉េន ឌីណា ឈ្នះខ្សែក្រវាត់យប់មិញ



