ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ថ្មីៗនេះបានបញ្ចេញ ប្រតិកម្មខ្លាំងៗឆ្លើយតបនឹងបណ្តាញសាព័ត៌មាន ក្នុងស្រុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មាន អំពីរឿងរ៉ាវជីវិតស្នេហាឯកជន ខាងក្រៅ របស់នាង ដោយពុំមែនជាការពិត ដោយបានសរសេរចោទ ប្រកាន់ថា នាងទទួលបានប្រាប់ឧបត្ថម្ភជាច្រើនម៉ឺនដុល្លារ ពីលោកឧញ៉ាម្នាក់ ដើម្បីបើកជំនួញរកស៊ី។
ប្រតិកម្មឆ្លើយតប នឹងការចុះផ្សាយ ពីសំណាក់ព័ត៌មាន ក្នុងស្រុកខាងលើ តារាចម្រៀងសាច់សខ្ចី កញ្ញា សុខ ពិសី បានសរសេរបង្ហោះសារ នៅបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា «បើមិនបានសម្ភាសន៍ នាងខ្ញុំផ្ទាល់ទេ សូមមេត្តាកុំចេះតែផ្សាយតាមតែ អំពើចិត្តពេក ប្អូនគេប្អូនឯង បើអ្នកមានបងប្អូន ជាស្រី លោកអ្នកមិនចុះផ្សាយ បែបនេះទេ មែនទេ? សូមកុំយកកិត្តិយសនាងខ្ញុំ ធ្វើជាអាជីវកម្ម របស់អស់លោកអី ។ លេខទូរស័ព្ទខ្ញុំក៏បានប្តូរដូច អស់លោកចុះផ្សាយដែរ អត់ស្គាល់លេខខ្ញុំសោះ មកថាខ្ញុំ ប្តូរលេខទៅវិញ កិត្តិយស មនុស្សស្រី គឺសំខាន់ណាស់...» ។
កញ្ញា សុខ ពិសី បានលើកឡើងទៀតថា «សូមបងសារព័ត៌មាន ពិចារណាផង មុនចុះផ្សាយមិនពិត ចុះផ្សាយ តែអ្នកនេះ អ្នកនោះ កាដូលុយឲ្យនាងខ្ញុំ ម៉េចបានច្បាស់ម្ល៉េះ? ជួយប្រាប់ឈ្មោះម្នាក់ ប្រុសឧកញ៉ាហ្នឹងតិចមក តើគាត់ឈ្មោះអី? ព្រោះតែមើលទៅ ចុះផ្សាយអត្ថបទហ្នឹង ដូចស្គាល់លោកឧកញ៉ា ដែលឲ្យកាដូលុយឲ្យនាងខ្ញុំច្បាស់ខ្លាំងណាស់ ទើបអត់សម្ភាសន៍ខ្ញុំ សូម្បីតែមួយម៉ាត់ ឯណាកាដូម៉េចបាន ខ្ញុំអត់ឃើញ? គេផ្ញើរទុកនៅបងមែន? បើឈប់បានគួរតែឈប់ទៅ ហត់ណាស់..»។
គួររំឭកថា កាលពីថ្មីៗកន្លងមកនេះ ព័ត៌មានក្នុងស្រុកមួយចំនួន បានសរសេរចុះផ្សាយថា តារាចម្រៀង កញ្ញា សុខ ពិសី បច្ចុប្បន្នកំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយកូនប្រុសលោកឧកញ៉ា ជំនួញប្រេងក្នុងស្រុកម្នាក់។ មិនតែប៉ុណ្ណោះព័ត៌មាន ខាងលើក៏បាន សរសេរទៀតថា សុខ ពិសី បានត្រៀមខ្លួនជាស្រេច ដើម្បីបើកមុខជំនួញថ្មី ដែលត្រូវចំណាយទុន មិនក្រោម៥០ ម៉ឺនដុល្លាទេ ដែលប្រភពនៃដើមទុននេះ គឺបានមកពីអ្នកកំលោះ គូស្នេហ៍កូនប្រុស លោកឧកញ៉ាជំនួញប្រេងនោះ។
ប៉ុន្តែយ៉ាងណាមិញ បន្ទាប់ពីមានការចុះផ្សាយព័ត៌មាននេះ មិនទាន់បានប៉ុន្មានម៉ោងផង គេក៏ឃើញមានប្រតិកម្មឆ្លើយតប វាយបកពីសំណាក់ តារាចម្រៀងសាច់ខ្ចី កញ្ញា សុខ ពិសី ភ្លាមៗផងដែរដោយនាង ចាត់ទុកព័ត៌មាននេះថា ជាការ សរសេរបំផ្លើស ផ្ទុយពីការពិតទាំងស្រុង៕





