២៧ ០៧ ២០១៥ PostKhmer
ភ្នំពេញ: អាថ៌កំបាំងអំពីជីវិតពាក់កណ្តាលអាពាហ៍ពិពាហ៍ ប្រែជាប្រេះឆាភ្លាមៗដូចផ្លេកបន្ទោរ រវាងតារាសម្តែង និងជាកូនស្រីថៅកែផលិតកម្មមហាហង្ស កញ្ញា ភិន សុដាលីស និងតារាសម្តែងរូបសង្ហាលោក ប៉ែន តុលា មិនមានភាគីម្ខាងណាទម្លាក់កំហុសដាក់គ្នា ខណៈលោក ប៉ែន តុលា នៅតែរក្សាជំនឿចិត្តខ្លួនថា ថ្ងៃណាមួយ សុដាលីស នឹងនឹកឃើញទង្វើល្អរបស់ខ្លួន។
ប៉ុន្តែរយៈពេលជាងពីរឆ្នាំនៃការរង់ចាំរបស់កំលោះរូបសង្ហាលោក ប៉ែន តុលា បែរជាលេចធ្លាយរូបថតស្រីស្រស់វ័យក្មេង ភិន សុដាលីស ឱបថើបជញ្ជក់មាត់ដ៏ស្រើបស្រាលជាមួយសង្សារថ្មី ក្នុងដំណើរទេសចរណ៍នៅក្រៅប្រទេសទៅវិញ។
គួររំឭកថា កញ្ញា ភិន សុដាលីស ជាតារាសម្ដែង មានឈ្មោះបោះសំឡេងមួយរូបក្នុងពិភពសិល្បៈ និងត្រូវជាកូនស្រីបណ្ដូលចិត្តអ្នជំនួញ និងថៅកែផលិតកម្មមហាហង្ស បានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយកំលោះសង្ហា និងជាតារាសម្ដែងដូចគ្នា លោក ប៉ែន តុលា កាលពីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៣ ។
ក្រោមការចូលរួមជាសក្ខីភាពពីសំណាក់ឪពុក អ្នកម្ដាយទាំងសងខាង ព្រមទាំងញាតិមិត្តជិតឆ្ងាយ និងពីសំណាក់សិល្បះករ សិល្បះការិនីល្បីៗជាច្រើននាក់ ជំនូនថ្លៃទឹកដោះត្រៀមជាស្រេចនូវទឹកប្រាក់ចំនួន ៤ ម៉ឺនដុល្លារ និងបំពាក់ចិញ្ចៀនពេជ្រថ្លៃរាប់ម៉ឺនដុល្លារផ្អើលអ្នកនៅម្តុំភ្នំពេញថ្មី។
ភ្លាមៗនោះក្រៅពីប្រកាសគម្រោងអាពាហ៍ពិពាហ៍មិនឲ្យផុតឆ្នាំ ២០១៣ នោះ ភាគីលោក អ៊ិន សុភិន ក៏បានពន្លយពាក្យថា៖ «ការគ្រប់គ្រងភាគហ៊ុនមួយចំណែកបានរៀបចំទុកជាស្រេច សម្រាប់អនាគតកូនប្រសារបស់លោក»។
គម្រោងអាពាហ៍ពិពាហ៍.អធិកអធម និងស្នាមញញឹមនេះ ប្រែប្រួលក្នុងរយៈពេលខ្លី ដោយជំនួសមកវិញនូវដំណឹងរង្គោះរង្គើស្នេហ៍ផ្ទុះឡើង។ ប៉ុន្តែភាពស្និទ្ធស្នាលនៅមានតែចំពោះលោក អ៊ិន សុភិន និង លោក ប៉ែន តុលា។
សកម្មភាពផ្អែមល្ហែមមានទាំងឱបថើបជញ្ជក់មាត់ អមដោយសំណេរបេះដូងលេចចេញក្នុងបណ្តាញសង្គមទំនើប អ៊ីនស្តាក្រាម បង្ហាញពីតារាសម្តែង និងជាកូនស្រីថៅកែផលិតកម្មមហាហង្ស មានស្នេហាថ្មី។
ប្រភពឡើងចុះក្រៅប្រទេសញឹកញាប់ឲ្យដឹងថា៖ «បុរសមានវាសនាបង្កើតភាពផ្អែមល្ហែមជាមួយកូនថៅកែកុន កញ្ញា ភិន សុដាលីស គេមានឈ្មោះ សេម។ សព្វថ្ងៃកំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក»។
ប្រភពដែលអះអាងថា ស្គាល់បុរសដៃគូស្នេហ៍ផ្អែមល្ហែមរបស់តារាសម្តែងនាង ភិន សុដាលីស បង្ហើបថា៖ «បើតាមដឹងពន្លកស្នេហ៍ដាលីស និង សេម នេះមិនមែនទើបតែថ្មីៗនេះ ពួកគេមានទំនាក់ទំនង បង្កើតជាស្នេហានេះច្រើនឆ្នាំហើយ ពោលគឺ មុន សេម ទៅបន្តការសិក្សានៅអាមេរិកម្ល៉េះ»។
បុរសក្នុងរូបថតឱបថើប ដាលីស នោះ នៅក្មេងមិនទាន់ដល់សាមសិបទេ ហើយ សេមជាអ្នកមានកំណើតនៅខេត្តសៀមរាបនោះ ប្រភពដែលស្គាល់ និងរាប់អាន សេម ប្រាប់ទៀតថា៖ «រូបឱបថើបគ្នានេះ កើតឡើងនៅក្រៅប្រទេស ក្នុងដំណើរកម្សាន្តរបស់ ដាលីស កាលពីដំណាច់ឆ្នាំ ២០១៤ ចូលឆ្នាំ ២០១៥ »។
ទាក់ទិននឹងរូបភាពនេះ កញ្ញា ភិន សុដាលីស មិនអាចសុំការបកស្រាយបានទេ ហើយឪពុករបស់នាង បានឆ្លើយឆ្លងទាំងរដិបរដុបថា៖ «រឿងនេះខ្ញុំមិនដឹងទេ។ មិនដឹងថា រូបភាពនោះយ៉ាងម៉េច ខ្ញុំសួរទៅកូនស្រីខ្ញុំសិន»។
លោកថា៖ «ខ្ញុំមិនមានអ្វីនិយាយទេ។ ចាំខ្ញុំសួរកូនសិន ក្រែងលោថា រូបនេះ ជាការសម្តែងក៏មិនដឹង»៕