Tue, 28 July 2015 ឈន ណន
សួន សុភូត្រា (ខៀវ) របស់កម្ពុជា ក្នុងពេលប្រកួតជាមួយក្រុមហ្វីលីពីន។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ក្នុងនាមជាម្ចាស់ផ្ទះក្រុមយុវជនអាយុក្រោម ១៦ ឆ្នាំរបស់កម្ពុជា មិនបានធ្វើឲ្យអ្នកទស្សនាជាជនរួមជាតិ មានការខកចិត្តនោះឡើយ ខណៈក្រុមមានមាឌតូចៗនេះ បានយកឈ្នះលើក្រុមយុវជនរបស់ហ្វីលីពីន ក្នុងការប្រកួតបើកឆាកប្រចាំពូល B នៃពានរង្វាន់ AFF BIDC U-16 Championship 2015 នៅពហុកីឡាដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ គឺមុនពេលក្រុមមីយ៉ាន់ម៉ា ដណ្តើមបាន ៣ ពិន្ទុពីក្រុមសិង្ហបុរី។
បើទោះបីជា ក្រុមយុវជនកម្ពុជា ហាក់ចាញ់ប្រៀបក្រុមហ្វីលីពីន ផ្នែកកម្ពស់ និង មាឌ ប៉ុន្តែពួកគេនៅតែបង្កើតបានភាពភ្ញាក់ផ្អើលចំពោះមុខអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់ តាមរយៈការយកឈ្នះ ១-០ ដែលគ្រាប់បាល់នេះរកបានដោយ ទៀត គឹមហេង នៅនាទីទី ៥៤ ។
ចំណែកក្រុមសិង្ហបុរី និង មីយ៉ាន់ម៉ា បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញ។ កីឡាករ Hein Htet Aung បានរកឃើញគ្រាប់បាល់បើកឆាកឲ្យមីយ៉ាន់ម៉ា នៅនាទីទី ១១ តែការទាត់បាល់ហ្វីឃីតបញ្ចូលទីបានយ៉ាងល្អរបស់ Jordan Nicolas Vestering បានជួយឲ្យសិង្ហបុរី តាមស្មើ ១-១ នៅនាទីទី ៣៤ ។
ប៉ុន្តែការរកបានគ្រាប់បន្ថែមបាន ២ គ្រាប់ទៀតរបស់ Win Naing Tun នៅនាទីទី ៣៩ Thet Phyoe Wai នៅនាទីទី ៦២ បានជួយឲ្យមីយ៉ាន់ម៉ា ឈ្នះក្រុមសិង្ហបុរី ៣-១ ក្នុងការប្រកួតបើកឆាកនេះ។
ដោយឡែក សម្រាប់ការប្រកួតជម្រុះលើកទី ២ ប្រចាំពូល A នៅថ្ងៃពុធនេះក្រុមយុវជនឡាវ ដែលបានយកឈ្នះក្រុមថៃ ១-០ កាលពីថ្ងៃចន្ទនោះ ត្រូវធ្វើការប្រកួតជាមួយក្រុមទីម័រខាងកើត នៅទីលានស្តាតចាស់ នារសៀលម៉ោង ៣:៣០ តទៅ។
រីឯក្រុមប្រ៊ុយណេ ដែលបានស្មើ ២-២ ជាមួយក្រុមទីម័រខាងកើតនោះ ត្រូវជួបក្រុមវៀតណាម នៅពហុកីឡាដ្ឋានជាតិ រសៀលម៉ោង ៣:៣០ ហើយក្រុមម៉ាឡេស៊ី ដែលបានឈ្នះក្រុមវៀតណាម ១-០ ត្រូវជួបក្រុមថៃ នៅម៉ោង ៦:៣០ យប់៕
---------------------------------------------
Source:http://www.postkhmer.com/