121128_22a
121128_22a
ក្រុង​ញូវយ៉ក : សកម្មភាព​ផិត​ក្បត់​របស់​បុរស មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រេះស្រាំ​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ​ទេ ប្រសិន​បើ​ការ​រួម​ភេទ​ក្រៅ​ផ្ទះ​ជាមួយ​នារី​ផ្ដេស​ផ្ដាស់​ប្រព្រឹត្ត​ទៅ​ដោយ រញីរញ័រ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ បុរស​មុខ​ជា​អាច​ប្រឈម​នឹង​បញ្ហា​គ្រាំ ឬ​បាក់​លិង្គ​ជា​មិន​ខាន។
យោង តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​សុខភាព​ផ្លូវ​ភេទ​អាមេរិក លោក​វេជ្ជបណ្ឌិត​សិចសាស្ត្រ អេនទ្រូ ក្រេម័រ មក​ពី​សាកល​វិទ្យាល័យ​ម៉ារីលែន  បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​លិង្គ​ប្រេះ​ស្រាំ​របស់​បុរស​១៦​ នាក់​ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​២០១១ ដែល​ករណី​អ្នក​ជំងឺ​ខាង​លើ​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​វះកាត់។ ការ​កើត​មាន​ជំងឺ​លិង្គ​ប្រេះស្រាំ​របស់​ពួក​គេ​នេះ​គឺ​ដោយ​សារ​ការ​រួមភេទ​ ដ៏​ប្រញិប​ប្រញាប់​ជាមួយ​នារី​ដែល​មិន​មែន​ជា​ភរិយា​របស់​ខ្លួន។
លិង្គ​របស់​មនុស្ស​គ្មាន​ឆ្អឹង​នោះ​ទេ តើ​ហេតុ​អ្វី​បាន​ជាគេ​ថា​លិង្គ​ប្រេះស្រាំ?
លិង្គប្រេះ ស្រាំ ឬ​ក៏​ការ​គ្រាំ​បាក់​លិង្គ គឺ​ជា​របួស​ដែល​កើត​ឡើង​នៅ​ពេល​ដែល​លិង្គ​ដំឡើង​មាឌ ពេល​មាន​សម្រើប​ផ្លូវ​ភេទ។ ថ្វី​ដ្បិត​ថា​ នៅ​ក្នុង​លិង្គ​មិន​មាន​ឆ្អឹង​ទ្រនុង​ទ្រទ្រង់​ឲ្យ​រឹង​ក៏ពិត​មែន ប៉ុន្តែ​បើ​គេ​និយាយ​ថា​លិង្គ​ប្រេះស្រាំ​មាន​ន័យ​ថា ស្រទាប់ កោសិកា ឬសរសៃ​ណា​មួយ​នៃ​អវយវៈ​ភេទ​នេះ​ត្រូវ​បាន​ដាច់ ឬ​ខូច​ខាត។ អាការ​បែប​នេះ​អាច​ធ្វើ​ឲ្យ​បុរស​​ប្រឈម​នឹង​ការ​​ធ្លាក់​ឈាម ហើម ឬ​បាត់​បង់​ភាព​រឹង​នៃ​លិង្គ​របស់​ខ្លួន។
តើ​ហេតុ​អ្វី​បាន​ជា​ការ​ផិត​ក្បត់​អាច​ធ្វើ​ឲ្យ​បុរស​គ្រោះថ្នាក់​គ្រាំ​លិង្គ​ដូច្នេះ?
សកម្មភាព ​រួម​ភេទ​ដោយ​ផិត​ក្បត់​មិន​ប្រាកដ​ថា​នាំ​ឲ្យ​លិង្គ​ប្រេះស្រាំ​នោះទេ ប៉ុន្តែ​វា​បង្កើន​អត្រា​ប៉ះពាល់​អវិជ្ជមាន​ដល់​លិង្គ​របស់​បុរស។ ជាទូទៅ ការ​រួម​ភេទ​ជាមួយ​សហាយ​ស្មន់​ដោយ​លួច​លាក់​ច្រើន​ប្រតិបត្តិ​នៅ​ទី​ដែល​ ចង្អៀត ស្ងាត់ និង​គ្មាន​មនុស្ស​ឆ្លង​កាត់។ តួយ៉ាង​ដូច​ជា​នៅ​ក្នុង​រថយន្ត ជណ្ដើរ​យន្ត បន្ទប់​ទឹក ក្រោម​តុ និង​ទី​កន្លុក​កន្លៀត​កៀន​កោះ​នានា។
ទីកន្លែង ដូច​ខាង​លើ​នេះ គឺ​មាន​ភាព​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា ហើយ​បុរស​អាច​មិន​ស៊ាំ​នឹង​ការ​រួម​ភេទ​នៅ​កន្លែង​ទាំង​នោះ។ ម៉្យាង​វិញ​ទៀត សកម្មភាព​ផិត​ក្បត់​ក៏​ច្រើន​អនុវត្ត​ដោយ​ប្រើ​ក្បាច់​រួម​ភេទ​ប្លែកៗ​ ក្នុង​ល្បឿន​វាយ​ប្រហារ​បែប​តក់​ក្រហល់ ប្រញិប​ប្រញាប់ ដែល​នាំ​ឲ្យ​បុរស​បាត់​បង់​ម្ចាស់​ការ មិន​សូវ​គិត​គូរ​ដល់​សុវត្ថិភាព​អាប្អូន​តូច​របស់​ខ្លួន។
ការ​ប្រើ​ក្បាច់​ ដែល​មិន​សមរម្យ​មួយ​ចំនួន និង​ការ​វាយ​ប្រហារ​ដោយ​ចលនា​លឿន​ខ្លាំង​ អាច​ជា​​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​បុរស​វាយ​លុក​ទៅ​ភ្លាត់​គោលដៅ ឬ​បុក​ចំ​កន្លែង​ផ្សេង ដែល​នាំ​ឲ្យ​លិង្គ​របស់​ខ្លួន​រង​ការ​ប៉ះទង្គិច​ដោយ​មិន​ដឹង​ខ្លួន។
តើ​លទ្ធផល​ពីការ​សិក្សា​ទាក់ទិន​នឹង​ជំងឺ​​គ្រាំ​លិង្គ​នេះ​អាច​ជឿជាក់​បាន​ទេ?
លោក​វេជ្ជបណ្ឌិត សិចសាស្ត្រ អេនទ្រូ ក្រេម័រ បាន​ឲ្យដឹង​ថា លទ្ធផល​ពី​ការ​សិក្សា​របស់​លោក គ្រាន់​តែ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​ជា​ទុន​ដើម្បី​សិក្សា​ស្រាវជ្រាវ បន្ត​ទៅ​ថ្ងៃ​មុខ ក៏ដូច​ជា​ជួយ​ដាស់​តឿន​ដល់​បុរសៗ​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ ផ្លូវ​ភេទ​របស់​ពួក​គេ​ផង​ដែរ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជាទូទៅ លិង្គ​ប្រេះស្រាំ គឺ​ដោយ​សារ​តែ​ការ​ភ្លាត់ ឬ​វាយ​លុក​ខុស​ទិស​ដៅ។ ក្នុង​ចំណោម​បុរស​១៦​នាក់​ដែល​​មាន​ជំងឺ​នេះ មាន​៥០​ភាគរយ​ហើយ​ដែល​មាន​របួស​គ្រាំ​លិង្គ​ក្នុង​អំឡុង​ពេល​រួម​ភេទ​យ៉ាង​ តក់​ក្រហល់​ជា​មួយ​នឹង​ដៃ​គូ​មិន​មែន​ភរិយា។
តើ​បុរស​ដែល​ផិត​ក្បត់​នោះ​ច្រើន​ធ្វើ​ដូចម្ដេច​ក្រោយ​ពេល​គ្រាំ​លិង្គ?
ដោយសារ ​តែ​ពួក​គេ​មាន​របួស​លិង្គ​នៅ​ពេល​កំពុង​រួម​ភេទ​ជាមួយ​សហាយ​ស្មន់​ដូច្នេះ​ ហើយ​ទើប​ពួក​គេ​មិន​ហ៊ាន​ប្រាប់​ភរិយា ឬ​មក​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ​នោះ​ទេ។ ក្រុម​បុរស​ទាំង​នោះ​​ភាគ​ច្រើន​នាំ​គ្នា​សម្ងំ​នៅ​ផ្ទះ ហើយ​បួង​សួង​ថា៖ «ឱ​ព្រះ​អើយ សូម​ឲ្យ​លិង្គ​របស់​ខ្ញុំ​ឆាប់ជា​សះ​ស្បើយ​មក។ ខ្ញុំ​សង្ឃឹម​ថា​ ស្អែក​អាប្អូន​ខ្ញុំ​នឹង​បាន​ធូរស្រាល​បាត់​ឈឺ​ចាប់»។
បុរស​ភាគ​ ច្រើន​តែង​រង​នូវ​ការ​អាម៉ាស់ មិន​ហ៊ាន​ប្រាប់​អ្នក​ណា​ពី​ទោស​ផិត​ក្បត់ និង​អាការ​គ្រាំ​លិង្គ​របស់​ខ្លួន​ទេ ដូច្នេះ​ហើយ​ពួក​គេ​រឹត​តែ​ប្រឈម​នឹង​ការ​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​អស់​ មួយ​ជីវិត ដោយ​សារ​តែ​ការ​សប្បាយ​ស្រើប​ស្រាល​តែ​មួយ​ប៉ប្រិច​ភ្នែក។
តាមការពិត នៅ​ពេល​ដែល​បុរស​រង​របួស​បែប​នេះ ពួក​គេ​គួរ​តែ​ស្រូត​រូត​រះ​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ នឹង​ព្យាបាល​ទាន់ពេល​វេលា។
តើ​វេជ្ជបណ្ឌិត​ជួយ​បិទ​បាំង​អាថ៌​កំបាំង​របស់​បុរស​ផិត​ក្បត់​ទាំង​នោះ​ទេ?
លោក​វេជ្ជបណ្ឌិត សិចសាស្ត្រ អេនទ្រូ ក្រេម័រ បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​នាម​ជា​ពេទ្យ​មួយ​រូប យើង​មិន​គួរ​ប្រាប់​ភរិយា​របស់​បុរស​រង​គ្រោះ​ថា គាត់​គ្រាំ​លិង្គ​ដោយសារ​តែ​រួម​រក្ស​ជាមួយ​ជន​ទី៣​ឡើយ។ លោក​យល់ថា វេជ្ជបណ្ឌិត​មាន​តួនាទី​ព្យាបាល តែ​មិន​អាច​ទម្លាយ​អាថ៌កំបាំង​ឯកជន​របស់​អ្នក​ជំងឺ​ឡើយ»។
ក្នុង​ករណី​មាន ភរិយា​មក​មន្ទីរ​ពេទ្យ​ជា​មួយ​ស្វាមី​ដែរ លោក អេនទ្រូ ក្រេម័រ គ្រាន់​តែ​និយាយ​ថា៖ «ខ្ញុំ​នឹង​ព្យាបាល​លិង្គ​របស់​លោក វា​រហែក​កោសិកា​ត្រង់​នេះ ខូច​សរសៃ​ត្រង់​នោះ... ជាដើម»។
លោក​ថ្លែង​ទៀត​ ថា៖ «ប្រសិន​បើ​ភរិយា​សង្ស័យ​ពី​ភក្ដី​ភាព​ស្វាមី​របស់​ខ្លួន នោះ​នាង​​អាច​សួរ​គាត់​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​ជា​ពេទ្យគឺ​មិន​បាន​ទម្លាយ​អាថ៌កំបាំង​បុរស​នោះ ​បាន​ឡើយ»។
តើ​វេជ្ជបណ្ឌិត​មាន​អ្វី​ណែនាំ​បុរសៗ​ដែល​គិត​ចង់​សៅគ្រី​នោះ​ទេ?
លោក​វេជ្ជបណ្ឌិត សិចសាស្ត្រ អេនទ្រូ ក្រេម័រ បាន​ដាស់​តឿនថា ការ​រួម​ភេទ ក៏​ដូច​ជា​ការ​លេង​កីឡា​ដែរ។ ប្រសិន​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន វា​នឹង​នាំ​របួស​ដល់​រាង​កាយ។ នៅ​ពេល​រួមភេទ បុរស​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន មិនថា​អនុវត្ត​ជាមួយ​បេក្ខនារី​ណា​ទេ។ ជាទូទៅ ការ​ប្រេះ​ស្រាំ​លិង្គ​កើត​ឡើង​ញឹក​ញាប់​នៅ​ពេល​ដែល​ប្រើ​ក្បាច់​ស្រី​នៅ​លើ​ ដោយ​នារី​អង្គុយ​លើ​ប្រដាប់​ភេទ​របស់​បុរស ហើយ​ធ្វើ​ចលនា​​​គ្រវី​​ចុះ​ឡើង​ខ្លាំង​ពេក រហូត​ធ្វើ​ឲ្យ​ភ្លាត់ ឬ​គ្រេច​បាក់​លិង្គ​ជាដើម៕

*******************************
Source:http://www.postkhmer.com/


Khmer Boxing Welcome!!


Flag Counter



Popular Posts