
************
Wed, 8 July 2015 ស៊ូ វុទ្ធី
ភ្នំពេញ: បង្ហាញពីអាការក្តុកក្តួល ទឹកមុខស្រពាប់ស្រពោននៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងសម្រាកក្រោយសម្រាលកូនពុំមានវត្ដមានឪពុកនោះ តារាសម្តែងដើមទ្រូងសិចស៊ីនាង ឆយី បែរជាបង្ហោះសារប្រកាសលក់ខុនដូ ធ្វើឲ្យផ្អើលបណ្តាញសង្គម ដែលមានអ្នកលាន់មាត់ថា ទំនងជា ឆយី អត់ប្រាក់ចិញ្ចឹមកូនហើយមើលទៅបានជាខំពពាយនាយលក់ខុនដូទាំងនៅសរសៃខ្ចីដូច្នេះ។
ឆ្លើយឆ្លងជាមួយ ភ្នំពេញ ប៉ុស្តិ៍ ពីបន្ទប់ពេទ្យកាល់ម៉ែត តារាសម្តែងដែលក្លាយជាអ្នកម្ដាយ ទាំងមិនទាន់បានក្រាបផ្ទឹមក្បាលដល់កន្ទេល អ្នកនាង ឆយី បានប្រាប់ថា៖ «ពេលនេះខ្ញុំកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ចូលសម្រាកតាំងពីថ្ងៃទី ៤ កក្កដាហ្នឹង។ មកសម្រាកសម្រាលកូន ពេលនេះកើតបានកូនស្រី»។
អះអាងថាម្ដាយកូននាងសុខភាពល្អធម្មតានោះ តារាស្រីដែលសារភាពថាជំពប់ស្នេហ៍បុរសជាប់ចំណងប្រាំប្រការ បានបញ្ជាក់ថា៖ «កូនស្រី ដែលមានអាយុ ៣ ថ្ងៃនេះ មិនបានឆ្លងទន្លេតាមធម្មតានោះទេគឺតាមបច្ចេកទេសពេទ្យនៅសង្គ្រោះបន្ទប់វះកាត់ ហើយក៏សំណាងដែរសុខសប្បាយទាំងពីរនាក់»។
អ្នកនាង ឆយី ប្រាប់ហេតុផលថា៖ «បើមិនវះជាបន្ទាន់ទេ ក៏មិនអាចសង្គ្រោះជីវិតម្តាយកូនខ្ញុំបានដែរ ដោយសារតែកូនស្រីខ្ញុំនេះ កើតមិនគ្រប់ខែ គេទើបនឹងមានអាយុ ៧ ខែ»។
ជាមួយនឹងអវត្តមានឪពុកទារិកាទើបនឹងកើតនោះ នៅក្នុងហ្វេសប៊ុករបស់នងក៏មានបង្ហោះសាររឿងរ៉ាវស្នេហាថា៖ «ពីមុនស្រីម្នាក់នេះ គឺជាខ្នើយសម្រាប់ឲ្យអ្នកកើយ នៅពេលដែលអ្នកជួបការលំបាកនឹងជួបបញ្ហា ដែលកើត ឡើង ជាផ្ទាំងថ្មដ៏ធំមួយឲ្យអ្នកបាំងព្យុះភ្លៀងនឹងឧបសគ្គគ្រប់យ៉ាងដែលបោកបក់មករកអ្នក តែនៅពេលដែលរលកធំមួយបក់មក អ្នកក៏រត់ចោលផ្ទាំងថ្ម ដែលធ្លាប់ការពារអ្នកឲ្យគេចផុតព្យុះភ្លៀង រងនូវរលកដ៏ធំនេះតែម្នាក់ឯង អ្នកធ្លាប់គិតអត់ថាផ្ទាំងថ្មមួយនេះអាចទ្រាំទ្រនឹងរលកមួយនេះបានយូរប៉ុនណា?»
ខណៈនៅរូបភាពខាងលើទំព័រ ហ្វេសប៊ុក មានថា៖ «ខ្ញុំស្តាយក្រោយណាស់ ដែលពីមុនខ្ញុំបដិសេធនឹងមនុស្សល្អជាច្រើននាក់ ដើម្បីមនុស្សអាក្រក់ដូចអ្នក»។
អ្វីដែល អ្នកនាង ឆយី សរសេរគ្រាសម្រាលកូនតែម្នាក់ឯងនៅពេទ្យនេះ អាចដោយសារអារម្មណ៍កម្សត់ឯកា ដោយទារិកាទើបកើតកំពុងស្ថិតក្នុងកែវចិញ្ចឹមមិនទាន់បានឃើញមុខ។
តារាសម្ដែង ឆយី បានប្រាប់ថា៖ «បើយើងនិយាយថា កម្សត់ក៏ថាបានព្រោះថា វាក៏ជារឿងអកុសល កូនកើតមកមិនគ្រប់ខែ ពេលនេះនៅក្នុងកែវចិញ្ចឹមនៅឡើយ ហើយវេលានេះស្រ្តីគ្រប់រូបចាំបាច់ណាស់ត្រូវមានប្តីនៅជិត។
ខ្ញុំដឹងពីចិត្តស្រីត្រូវការអ៊ីចឹង តែខ្ញុំបានបដិសេធមិនទទួលយកវត្តមានឪពុកកូនខ្ញុំ ហើយក៏មិនត្រូវការឃើញមុខដែរថ្ងៃក្រោយ។
ប៉ាគេដឹងតើ ហើយគេខលមក សុំមកមើលថែជួយចេញថ្លៃសម្រាល និងថៃ្លចំណាយគ្រប់បែបយ៉ាង តែខ្ញុំមិនត្រូវការ បើបានជាចប់គ្នាហើយ ឲ្យចប់ទៅ ព្រោះខ្ញុំគិតថា វាមិនមានអ្វីប្រសើរជាងនេះបានទៀតទេ»។
ក្រៅពីអះអាងថានាងមានលទ្ធភាពបង្កើត និងចិញ្ចឹមកូនទើបនឹងកើតឈ្មោះ Samnang Calista មិនត្រូវការជំនួយពីឪពុកទារិកានោះ តារាសម្ដែង ឆយី ក៏បានបញ្ជាក់រឿងប្រកាសលក់ខុនដូទៀតថា៖ «នោះមិនមែនខ្វះលុយកើតកូន ឬយកលុយចិញ្ចឹមកូននោះទេ។ ខ្ញុំលក់មែន តែខ្ញុំលក់ដើម្បីរកទិញវិញទេ។ បើកាលណាចំណេញលក់ តែបើគេឲ្យតម្លៃទាបជាងកាលទិញក៏អត់លក់ដែរ»៕
**********************
Source:http://www.postkhmer.com/lift/
**********************
Source:http://www.postkhmer.com/lift/