
បុរាណខ្មែរយើងនិយមរៀបចំផ្គូផ្គងគូស្រករទៅតាមទំនៀមទម្លាប់ប្រពៃណីដោយបុរស ឬនារីនៅក្នុងភូមិស្រឡាញ់គ្នាត្រូវស្វែងរកចាស់ទុំនៅក្នុងស្រុកភូមិដើម្បីផ្សំផ្គុំឲ្យ។
ភាគច្រើនការជ្រើសរើសគូស្រករតែងធ្វើឡើងតាមរយៈការស៊ើបសួរពីចាស់ទុំទៅលើពូជអម្បូរ និងការសិក្សារៀនសូត្ររបស់បុរស ឬនារីក្នុងសម័យនោះ។
បច្ចុប្បន្ននេះប្រពៃណីបែបនេះហាក់សាបរលាបខ្លះៗហើយបើទោះបីជាមិនទាន់បាត់ទាំងស្រុង។ ស្របពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើនយុវវ័យសម័យថ្មីមានលទ្ធភាពស្គាល់គ្នាច្រើនដោយមិនចាំបាច់មានការណែនាំពីចាស់ទុំ។
ទូរស័ព្ទដៃ អ៊ីនធឺណិត អ៊ីមែល ហ្វេសប៊ុក ឡាញ ជាដើម បានក្លាយជាមធ្យោបាយរបស់យុវជនសម័យថ្មីនេះបានជួបគ្នា និងស្គាល់គ្នា។ មានអ្នកខ្លះទៀតបានព្យាយាមស្វែងរកដៃគូជីវិតតាមរយៈភ្នាក់ងារស្វែងរកដៃគូឯកជនតាមអនឡាញទៀតផង។
លោក ហាស វាសនា ស្ថាបនិក របស់គេហទំព័រ «mybestconsult.com» ដែលជាគេហទំព័រស្វែងរកដៃគូដំបូងបង្អស់នៅកម្ពុជាបាននិយាយថាលោកបានបង្កើតសេវាកម្មពិគ្រោះយោបល់នេះឡើងដោយលោកបានសង្កេតឃើញពីបញ្ហាមួយចំនួនដែលចុះផ្សាយជារៀងរាល់ថ្ងៃតាមរយៈកាសែត ទូរទស្សន៍ វិទ្យុដូចជាបញ្ហាស្នេហាមិនសមដូចបំណង។ ពេលខ្លះស្នេហាបែកបាក់ដោយសារតែឪពុកម្តាយជួយចាត់ចែងរៀបចំឲ្យដែលពេលខ្លះពួកគេមិនបានស្គាល់គ្នាដិតដល់នាំឲ្យពិបាកចុះសម្រុងនឹងគ្នា។
លោកថាសេវាកម្មរបស់លោកជួយផ្តល់ព័ត៌មាន រូបថត និងប្រាប់ពីគុណតម្លៃរបស់អ្នកដែលមានបំណងចង់ស្វែងរកដៃគូស្នេហា។ សេវាកម្មនេះអាចជួយផ្គូផ្គងដោយរកបុរស ឬនារីណាម្នាក់តាមទិន្នន័យដែលពួកគេបានដាក់ និងតម្រូវការរបស់ពួកគេ។
មកទល់នឹងពេលនេះគេហទំព័ររបស់លោកមានអ្នកប្រើប្រាស់ចំនួនជាង ៤០០ នាក់ហើយ។
លោក វាសនា បញ្ជាក់ថាជាទូទៅអ្នកដែលប្រើប្រាស់សេវាកម្មជ្រើសរើសគូស្រករតាមប្រព័ន្ធអនឡាញរមែងត្រូវបង់ថ្លៃប្រើប្រាស់ពីរផ្សេងគ្នា។ ទីមួយគេត្រូវបង់ប្រាក់សម្រាប់ការចុះឈ្មោះចូលជាសមាជិករបស់វេបសាយដែលតម្រូវឲ្យគេបង់តែមួយលើកតែប៉ុណ្ណោះ។ ទីពីរគឺថ្លៃណែនាំដែលតម្រូវឲ្យគេបង់ប្រាក់គ្រប់ពេលដែលពួកគេចង់ណាត់ជួបនរណាម្នាក់នៅទីកន្លែងជាក់លាក់ណាមួយ។
តម្លៃជាធម្មតាសម្រាប់ការចុះឈ្មោះគឺ ៥០ ដុល្លារ និង ១០០ ដុល្លារសម្រាប់ការណាត់ជួបមនុស្សម្នាក់ក្នុងមួយលើកៗនៅទីកន្លែងដែលបានរៀបចំឡើងដោយក្រុមហ៊ុន។
ទាក់ទងទៅនឹងដំណើរការនៃសេវាកម្មជាដំបូងបុគ្គលិកក្រុមហ៊ុននឹងព្យាយាមសាកសួរអំពីតម្រូវការលក្ខខណ្ឌ និងការចង់បានពីដៃគូដែលអតិថិជនគិតថាស័ក្តិសមចំពោះរូបគេផ្ទាល់។ វាអាចចាប់ផ្តើមឡើងក្រោមទម្រង់ជាការនិយាយធម្មតារបស់អតិថិជន និងបុគ្គលិកក្រុមហ៊ុន ឬមួយវាអាចឈានទៅរកការសម្ភាស។ រាល់ព័ត៌មានដែលប្រមូលបាននឹងត្រូវរក្សាទុកជាសម្ងាត់។
បន្ទាប់មកទៀតក្រុមហ៊ុននឹងធ្វើការវាយតម្លៃទៅលើចំណុចដែលអតិថិជនចង់បានពីដៃគូរបស់ពួកគាត់។ ក្រុមហ៊ុននឹងព្យាយាមរកឲ្យឃើញពីចំណុចសំខាន់បំផុតដែលអតិថិជនតម្រូវឲ្យមានជាដាច់ខាតចំពោះមនុស្សដែលគាត់នឹងណាត់ជួបក៏ដូចជាចំណុចដែលអតិថិជនគិតថាអាចមានក៏បាន ឬអត់ក៏បានចំពោះអ្នកដែលគាត់គ្រោងនឹងជួប។
ជាមួយនឹងព័ត៌មានដែលបុគ្គលិកក្រុមហ៊ុនទទួលបានពីអតិថិជនក្រុមហ៊ុននឹងព្យាយាមស្វះស្វែងរកសមាជិកផ្សេងទៀតដែលមានច្រើនចំណុចដូចគ្នា ឬប្រហាក់ប្រហែលទៅនឹងការចង់បានរបស់ពួកគេ។ ប្រសិនជាក្រុមហ៊ុនរកបានហើយនោះក្រុមហ៊ុននឹងណែនាំឲ្យពួកគាត់ស្គាល់គ្នាដោយធ្វើការទាក់ទងទៅកាន់ពួកគាត់តាមរយៈទូរស័ព្ទ ឬមួយតាមបណ្តាញសង្គមនានា។
បើសិនជាមានការយល់ព្រមពីភាគីទាំងសងខាងហើយក្រុមហ៊ុននឹងធ្វើការរៀបចំការណាត់ជួបសម្រាប់ពួកគេទៅភោជនីយដ្ឋាន ឬទីកន្លែងណាមួយដែលគេគិតថាសមរម្យ។
បន្ទាប់ពីការណាត់ជួបត្រូវបានបញ្ចប់ក្រុមហ៊ុននឹងតម្រូវឲ្យអតិថិជនបំពេញនូវក្រដាសរង្វាយតម្លៃពីអ្នកដែលគេបានធ្វើការណាត់ជួបថ្វីបើពួកគេចូលចិត្ត ឬមិនចូលចិត្តយ៉ាងណាក្តី។
កញ្ញា ធីតា ដែលជាអ្នកធ្លាប់ប្រើប្រាស់គេហទំព័រស្វែងរកគូម្នាក់ផងដែរបានឲ្យដឹងថា កញ្ញាប្រើប្រាស់វេបសាយដើម្បីស្វែងរកគូរៀបការ។ កញ្ញា ថា អ្នកដែលស្រួលទាក់ទងជាងគេហើយចង់ជួបនាង គឺអ្នកដែលឧស្សាហ៍មកលេងនៅស្រុកខ្មែរ។ នាងបន្តថាអ្នកដែលមានបំណងចង់ជួប និងចង់រៀបការជាមួយពិបាករកណាស់ទាល់តែទាក់ទងយូរ Chat ជាមួយគ្នា ឬ Skype ជាមួយគ្នាញឹកញាប់។
ធីតា បន្តថា៖ «ក្នុងការជ្រើសរើសអ្នកនាងមើលលើប្រវត្តិរូប រូបថត និងមើលទៅថាគេជក់បារី ឬផឹកស្រាដែរឬទេ មានផ្ទះសំបែងឬអត់ រៀនចប់ថ្នាក់ណា? គេមានដាក់រូបថត និងព័ត៌មានហ្នឹងតែយើងអត់ដឹងថាពិត ឬមួយក៏អត់ទេ។ ក្នុងវេបសាយនោះគេមានផ្ទៀងផ្ទាត់ឲ្យយើងថាព័ត៌មាននោះពិតជាពិតប្រាកដមែនដោយគេស្កេនអត្តសញ្ញាណប័ណ្ណ ឬមួយក៏ប័ណ្ណបើកបរមកឲ្យយើង»។
អ្នកនាងបានបន្តថា៖ «ហ្នឹងវាអាស្រ័យទៅលើយើងទំនាក់ទំនងសួរគ្នាយូរៗទៅដើម្បីបញ្ជាក់តែវាប្រើពេលយូរក្នុងការស្វែងរកគូតាមវេបសាយ។ ខ្ញុំប្រើរយៈពេលកន្លះឆ្នាំដើម្បីស្វែងរកដៃគូត្រូវ និងប្រើរយៈពេលកន្លះឆ្នាំទៀតដើម្បីទំនាក់ទំនងស្គាល់ពីដៃគូ»។
លោក ឌី (DEE) មានមុខងារជាជំនួយការវេជ្ជបណ្ឌិតសព្វថ្ងៃរស់នៅទីក្រុងផារ៉ាដាយស៍នៃរដ្ឋណេវ៉ាដាសហរដ្ឋអាមេរិក បានឲ្យដឹងថាលោកបានប្រើប្រាស់សេវាកម្មនេះប្រហែលជាមិនដល់មួយឆ្នាំឡើយ។
លោកថា ចាប់តាំងពីពេលដែលគាត់ប្រើប្រាស់សេវាកម្មនេះមកមានមនុស្សស្រីតែម្នាក់ប៉ុណ្ណោះដែលគាត់បានជួបដោយផ្ទាល់ ប៉ុន្តែគាត់នោះពុំមែនជាមនុស្សស្រីដែលគាត់ចង់បានឡើយថ្វីបើគាត់ជាមនុស្សដែលល្អម្នាក់យ៉ាងណាក្តី។
លោកថា៖ «ខ្ញុំដឹងថាយើងមានចំណុចជាច្រើនមិនដូចគ្នាទេ ហើយខ្ញុំមានអារម្មណ៍ថាយើងទាំងពីរធ្វើអ្វីមិនស្របគ្នាឡើយ»។
មតិយោបល់យុវជនជុំវិញសេវាកម្មរកដៃគូតាមប្រព័ន្ធអ៊ីធឺណិត
ទោះបីជាយ៉ាងណាក្តីសេវាកម្មជ្រើសរើសគូស្រករក៏ទទួលការរិះគន់ពីសំណាក់មហាជនមួយចំនួនផងដែរដោយសារតែវាខុសប្លែកពីវប្បធម៌បុរាណខ្មែរដែលតម្រូវឲ្យឪពុកម្តាយជាអ្នករៀបចំទុកដាក់គូស្រករឲ្យកូនប្រុសស្រី។
លោក លុច្យ បឿន មានតួនាទីជាតំណាងផ្នែកលក់នៅក្រុមហ៊ុនមួយបានបង្ហាញពីការមិនយល់ស្របចំពោះសេវាកម្មមួយនេះដោយលោកគិតថាវាផ្ទុយពីវប្បធម៌ខ្មែរយើង។ ម្យ៉ាងវិញទៀតលោកយល់ថា ការជ្រើសរើសគូស្រករដោយឪពុកម្តាយជារឿងមួយដែលល្អពីព្រោះថាពួកគាត់ជាចាស់ទុំ និងធ្លាប់មានបទពិសោធច្រើនក្នុងការមើលមនុស្សហើយវាក៏ជាទំនៀមទម្លាប់តាំងពីសម័យមុនៗមកផងដែរ។
ផ្ទុយពីលោក បឿន លោក ធួន រតនៈ និស្សិតឆ្នាំទី ៤ នៃវិទ្យាស្ថានឯកទេស និងហិរញ្ញវត្ថុបាននិយាយថា ការជ្រើសរើសគូស្រករដោយឪពុកម្តាយជារឿងមួយដែលលែងមានប្រសិទ្ធភាពទៀតហើយនៅក្នុងការអនុវត្តនាសម័យបច្ចុប្បន្ន។
លោកពោលថា៖ «វប្បធម៌ចាស់បែបនេះគឺហួសសម័យហើយសម្រាប់ជំនាន់យើង។ ទាំងស្ត្រីទាំងបុរសមានសិទិ្ធក្នុងការជ្រើសរើសអ្នកណាដែលគេចង់រៀបការជាមួយតាមវិធីសាស្ត្រណាក៏ដោយឲ្យតែសមរម្យ»។
យ៉ាងណាមិញសម្រាប់យុវជន Oliver James Twist លោកបានទទួលស្គាល់ថាសេវាកម្មជ្រើសរើសគូស្រករតាមប្រព័ន្ធអនឡាញពិតជាប្រាសចាកពីវប្បធម៌ខ្មែរយើងមែន ប៉ុន្តែការដែលឲ្យឪពុកម្តាយជ្រើសរើសគូស្រករឲ្យកូនក៏ជារឿងមួយដែលមិនអាចទៅរួចតទៅទៀតដែរនៅក្នុងសម័យបច្ចុប្បន្នដោយហេតុថាមនុស្សសម័យឥឡូវយល់ដឹងបានច្រើនពីសិទ្ធិរបស់ពួកគេក្នុងការជ្រើសរើសអ្នកដែលគេចង់រស់នៅជាមួយអស់មួយជីវិត។
លោកថា៖ «មនុស្សម្នាក់ៗក៏អាចបញ្ចុះបញ្ចូលឪពុកម្តាយរបស់ពួកគេថាពួកគេមានភាពឯករាជ្យ និងអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង ហើយពេលខ្លះពួកគេក៏ត្រូវការយោបល់ពីឪពុកម្តាយបន្ថែមផងដែរព្រោះគ្មានឪពុកម្តាយឯណាដែលចង់ឃើញកូនលំបាកវេទនានោះទេតែពួកគាត់ក៏គួរផ្តល់ឱកាសឲ្យកូនៗរៀនម្ចាស់ការលើជីវិតរបស់ខ្លួនឯងផងដែរ»៕
Catherine V Harry & ហម ស្រីនិច
******************************************
Source:http://www.postkhmer.com/lift