10 Jul, 2015
love5 - Copy
 រូបតំណាង

១. មាន​ទំនួល​ខុស​ត្រូវ

នេះ​ គឺ​ជា​ លក្ខណៈ​ដែល​នារី​ត្រូវ​ការ​ជា​ចាំ​បាច់​ មុន​នឹង​សម្លឹង​មើល​បុគ្គលិក​លក្ខណៈ​ ផ្សេង​ទៀត។ សោម មេត្តា​ ជា​បុគ្គលិក​ក្រុមហ៊ុន​ មួយ​​បាន​ប្រាប់​ថា «​បើ​មនុស្ស​ស្រី​សម្រេច​ចិត្ត​ថា យក​​ម្នាក់​ណា​ជា​គូ​ហើយ គាត់​ប្រគល់​អ្វី​គ្រប់​យ៉ាង​ដល់​បុរស​ម្នាក់​នោះ អញ្ចឹង​ទាល់​តែ​បុរស​នោះ​មាន​ទំនួល​ខុស​ត្រូវ»។
ស្រដៀង​គ្នា​នេះ​ដែរ​ កញ្ញា លីម ចិន្ដា​ ជា​និស្សិត​ឆ្នាំ​ទី​បួន​ នៃ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ក៏​បាន​បន្ថែម​ថា «​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​តែ​ម្ដង​មិន​មែន មាន​ទំនួល​ខុស​ត្រូវ​ធម្មតា​ទេ! ឧទាហរណ៍​ការ​ហើយ​ មាន​ស្រី​ហើយ​លែង​ប្រពន្ធ​បាត់ ចឹង!​គាត់​គួរ​តែ​​ចេះ​ទទួល​ខុស​ត្រូវ»។ ចិន្ដា​ ក៏​បាន​​បញ្ជាក់​ផង​ដែរ​ថា បើ​មនុស្ស​ប្រុស​ធ្វើ​បែប​នេះ​បាន មិន​ខ្វះ​ទេ​​នារី​ស្រឡាញ់។​ ​

២. ចិត្ត​ទូលាយ

មនុស្ស​ស្រី​មិន​ត្រូវ​ការ​មនុស្ស​ប្រុស​កំណាញ់​ឡើយ ទោះ​មាន​ឬ​ក្រ គួរ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ។ នេះ​ជា​ទស្សនៈ​របស់​ កញ្ញា នេត លន់​លីកា ជា​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា។ លីកា​ក៏​បាន​បន្ថែម​ថា «​មនុស្ស​ប្រុស​ម៉ៅ​ស្វិត​ គិត​គ្រប់​ជ្រុង​ពេក​មុន​នឹង​ចំណាយ​​អ្វី​មួយ​ គ្មាន​ស្រី​ណា​ចង់​បាន​ទេ​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​គាត់​ចិត្ត​​ទូលាយ​ជ្រុល​ពេក​នោះ​ទេ តែ​មនុស្ស​ប្រុស​ម្នាក់​ហ្នឹង​គួរ​តែ​ចេះ​ថ្លឹង​ថ្លែង​ឱ្យ​បាន​ល្អ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​មនុស្ស​ស្រី​ផ្ញើ​វាសនា​លើ!»។

៣. ចេះ​រ៉ូមែនទិក​ខ្លះ

មនុស្ស​ស្រី​ទោះ​បី​ជា​ចរិត​ទន់ភ្លន់ ឆ្នាសឆ្នើម ចរិត​ប្រុស​ មាត់រឹង ​យ៉ាង​ណា​ក៏​ត្រូវ​ការ​ភាព​រ៉ូមែនទិក​​ពី​បុរស​ដែល​នាង​ស្រឡាញ់​ដែរ។

«ជួន​កាល​គាត់​គួរ​តែងបង្កើត​កម្មវិធី​ណា​ដែល​ sweet sweet surprise ទោះ​ជា​ពេល​ធ្វើ​ទៅ​នាង​ថា​ ក្បាច់​ក្បូរ​ក៏​ដោយ តែ​ចិត្ត​នាង​គឺ​​ចង់​បាន​បែប​នេះ​ណាស់!»។ នូ ពេជ្រតា គណនេយ្យករ​​ក្រុមហ៊ុន​មីក្រូ​ហិរញ្ញវត្ថុ​​បាន​ប្រាប់​Sabay។​

៤. ទុក​នាង​សំខាន់​ជាង​គេ

នៅ​ចំពោះ​មុខ​មិត្តភ័ក្ដិ និង​ មនុស្ស​ស្រី​​គួរ​តែ​សម្ដែង​អាការៈ​ បែប​ណា​ដែល​ធ្វើ​ឱ្យ​នាង​គិត​ថា នាង​ជា​មនុស្ស​ស្រី​សំខាន់​។ ហ៊ាន​បដិសេធ​ការ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ ដើម្បី​កំដរ​នាង​ដើរ​ផ្សារ ឬ​ធ្វើ​អ្វី​ផ្សេង។ កុំ​ទុក​នាង​ចោល​ និង យក​ចិត្ត​ទុក​ដាក់​ លើ​នាង​ ទោះ​ជា​ខឹង​ក៏​នាង​នៅ​តែ​ចិត្ត​ទន់​បាន​ បើ​មនុស្ស​ប្រុស​ដែល​នាង​ស្រឡាញ់​ធ្វើ​បែប​នេះ។ ទាំង​នេះ​ជា​ការ​លើក​ឡើង​របស់​ កញ្ញា សាលី រីដា បុគ្គលិក​នៃ​ស្ថាប័ន​រដ្ឋ​មួយ។​​

៥. មិន​ប្រើ​ហិង្សា​ឬ​ជេរ​ប្រមាថ

«​វ៉ៃ​ដំ​និង​ជេរ​ប្រមាថ ជា​អំពើ​មួយ​ដែល​មនុស្ស​ស្រី​គ្រប់​រូប​រួម​ទាំង​ខ្ញុំ​ស្អប់ ជា​ទី​បំផុត!» ពីន ដាណេ និស្សិត​ទើប​បញ្ចប់​បរិញ្ញាបត្រ​​ បាន​ប្រាប់។
ចំណែក​កញ្ញា​ ឌី ចាន់​សីម៉ា វិញ​បាន​​ប្រាប់​ថា «​កុំ​ថា​ឡើយ​គាត់​ជេរ​ ឬ​វ៉ៃ​ខ្ញុំ​ សូម្បី​តែ​វ៉ៃ​ឬ​ជេរ​កូន​ក៏​ខ្ញុំ​មិន​ចង់​បាន​ជា​គូ​អនាគត​ដែរ តែ​បើ​វ៉ៃ​គ្នា​ដោយ​សារ​ ការពារ​ខ្ញុំ​ឬ​ក៏​អ្នកណា​ម្នាក់​ពី​មនុស្ស​អាក្រក់​អី​…បាន.. ឯ​រឿង​ជេរ​វិញ​​​គ្មាន​ករណី​លើក​លែង​ទេ!»។

៦. យល់​ពី​នាង​ឱ្យ​បាន​ច្រើន

បើ​នាង​ឈឺ​ទៅ​ទិញ​ថ្នាំ​ឱ្យ​នាង​ បើ​នាង​ពិបាកចិត្ត​ត្រូវ​ចេះ​លើក​ទៅ​ចិត្ត​នាង បង្ហាញ​ថា​អ្នក​ត្រៀម​ខ្លួន​នៅ​ក្បែរ​នាង​គ្រប់​កាលៈទេសៈ​ទាំង​អស់។ មិន​តែ​ប៉ុណ្ណោះ​គួរ​តែ​ដឹង​ថា​នាង​ចូល​ចិត្ត​អី មិន​ចូល​ចិត្ត​អី​​ ព្រោះ​មនុស្ស​ស្រី​នឹង​លួច​ញញឹម​ បើ​ដឹង​ថា​មនុស្ស​ដែល​នាង​ស្រឡាញ់​ ដឹង​ចិត្ត​នាង​។ នេះ​ជា​អារម្មណ៍​របស់ កញ្ញា ហង់ សូដារីណា បុគ្គលិក​ធនាគារ​មួយ​រូប​។​​

៧. ចេះ​​ការងារ​ផ្ទះ

ក្រៅ​ពី​ចេះ​រក​លុយ​ចូល​ផ្ទះ​ហើយ​មនុស្ស​ប្រុស​គួរ​តែ​ចេះ​ការងារ​ផ្ទះ​ មិន​ទាំង​អស់ តែ​អាច​ធ្វើ​បាន​ខ្លះ។ «ពេល​រៀប​ការ​ជាមួយ​គ្នា​រួច​ពួក​យើង​​នឹង​ចេះ​ចែក​រំលែក​ ការងារ​គ្នា​ធ្វើ ព្រោះ​សម្រាប់​ខ្ញុំ​នឹង​មនុស្ស​ស្រី​​ភាគ​ច្រើន​ មិន​សូវ​ចេះ​ធ្វើ​ការងារ​ផ្ទះ​អី​ណាស់​ណា​ទេ ជា​ពិសេស​រឿង​ធ្វើ​ម្ហូប​នេះ​ហើយ ចឹង​គួរ​តែ​ចេះ​ជួយ​ភរិយា​​ ធ្វើ​ម្ហូប​ឬ​បោកខោអាវ​ជាដើម​ » ថៅ ​ចាន់​ទីណា​ និស្សិត​ឆ្នាំ​ទី​បី​បាន​ប្រាប់។

ទីណា​ក៏​បាន​បន្ថែម​ថា មនុស្ស​ប្រុស​ដែល​ជា​គូ​អនាគត​របស់​នារី​គ្រប់​​គ្នា​មិន​គួរ​ប្រកាន់​ការងារ​ប្រុស​ឬ​ស្រី​ទេ ត្រូវ​ចេះ​ជួយ​គ្នា​តិច​ឬ​ច្រើន តាម​ដែល​អាច​ធ្វើ​បាន​ ហើយ​វា​នឹង​នាំ​មក​នូវ​សុភមង្គល​ នារី​ៗ​មិន​ស្ដាយ​ក្រោយ​ឡើយ​​បើ​ រក​បាន​បុរស​បែប​នេះ​​មក​ធ្វើ​ជា​គូ​អនាគត។​
​​​​​​​​
យ៉ាងម៉េច​ដែរ​ប្រិយមិត្ត​បុរស មាន​ចំណុច​ណា​ក្នុង​នេះ​ខ្លះ​ដែរ​ឬ​អត់? ចំណែក​ប្រិយមិត្ត​នារី​វិញ​គិត​ដូច​ប្រភព​ទាំង៨​រូប​ខាង​លើ​ដែរ​ឬ​ទេ? ​​

អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង/SABAYNEWS

Khmer Boxing Welcome!!


Flag Counter



Popular Posts