ឆ្នាំ2015 ខែ07 ថ្ងៃទី08



ជាការពិតណាស់ ដែលមនុស្សភាគច្រើនទទួលបានសុភមង្គលក្រោយពេលពួកគេសម្រេចបាន​​នូវភាពជោគជ័យ​តាមបំណងប្រាថ្នារបស់ពួកគេ។ ប៉ុន្តែមានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលបានសុភមង្គល​តាំងពីគេចាប់ផ្តើមស្វែងរកភាពជោគជ័យរហូតដល់ពួកគេទទួលបានជោគជ័យដូចបំណង។ មហាសេដ្ឋីប្រាក់ពាន់លាន​ ដែលជាម្ចាស់ក្រុមហ៊ុន Virgin Group ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេស គឺលោក Richard Branson ជាបុគ្គលជោគជ័យមួយរូបដែលលោកបានបោះបង់ចោលការសិក្សា ហើយប្រែក្លាយខ្លួនជាពាណិជ្ជករ និងក្លាយជាអ្នកវិនិយោគដ៏ឆ្នើម បូករួមទាំងភាពសប្បាយរីករាយនៅក្នុងជីវិត។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា នឹងលើកយកគំនិតមួយចំនួនរបស់ Richard Branson ទាក់ទងទៅនឹងការរស់នៅប្រកបដោយសុភមង្គល និងភាពរីករាយនៅកន្លែងការងារមកធ្វើការបកស្រាយ៖
១. ភាពជោគជ័យជាសុភមង្គល៖ ប្រសិនបើលោកអ្នកពេញចិត្ត ហើយសប្បាយចិត្តនឹងធ្វើការងារ នោះលោកអ្នកនឹង​មិននឿយហត់ក្នុងការធ្វើវាឡើយ ហើយលោកអ្នកនឹងតែងតែមានអារម្មណ៍សប្បាយចិត្តជានិច្ចនៅពេលដែលលោកអ្នកអាចបំពេញការងាររបស់លោកអ្នកបានជោគជ័យ។ នៅពេលដែលលោកអ្នកចេះភ្ជាប់អារម្មណ៍ទៅជាមួយការងាររបស់លោកអ្នក វានឹងធ្វើអោយលោកអ្នកមានអារម្មណ៍កាន់តែងាយស្រួលក្នុងការបំពេញការងារ ហើយវាថែមទាំងជួយជំរុញសភាវគតិរបស់លោកអ្នកឲ្យមានគំនិតច្នៃប្រឌិតកាន់តែប្រសើរឡើងទៀតផង។ ដូច្នេះលោកអ្នកត្រូវចាត់ទុកថា “ការងារ គឺជាការកំសាន្ត” ព្រោះការងារនឹងការកំសាន្តជាតម្រូវការក្នុងជីវិតដែលលោកអ្នកត្រូវតែមានក្នុងពេលតែមួយ។ ប្រសិនបើលោកអ្នកអាចរក​ឃើញការកំសាន្តក្នុងការងាររបស់លោកអ្នក នោះលោកអ្នកនឹងអាចធ្វើអោយការងារទាំងអស់ក្លាយជាធនធានដ៏ល្អឥតខ្ចោះសំរាប់លោកអ្នក ហើយលោកអ្នកថែមទាំងអាចបន្តដើរទៅមុខជាមួយវាបានយូរអង្វែងថែមទៀតផង។
២. ហ៊ានដួលទើបចេះដើរ៖ បុគ្គលិកដែលមានម្ចាស់ការលើខ្លួន​ឯង គឺជាបុគ្គលិកដែលចេះធ្វើការងារដោយខ្លួន​ឯង មិនមែនចាំតែស្តាប់បង្គាប់របស់មេនោះទេ ព្រោះមនុស្សគ្រប់រូបរៀនចេះដោយសារការធ្វើ មិនមែនការស្តាប់អ្នកដទៃហើយចេះធ្វើនោះទេ។ មានការងារជាច្រើនដែលបុគ្គលិក​ត្រូវចេះធ្វើដោយខ្លួនឯង បើទោះបីជាលោកអ្នកខ្លាចធ្វើខុសក៏ដោយ លោកអ្នកត្រូវចេះរកវិធីសាស្រ្តណាដែលល្អបំផុតសំរាប់ខ្លួនឯងក្នុងការបំពេញការងារ​ ដោយមិនមែនចាំតែស្តាប់បង្គាប់តែពីថ្នាក់លើ ហើយព្យាយាមធ្វើការងារនោះទាំងងងឹតងងល់ និងមិនសប្បាយចិត្តនោះទេ។ លោកអ្នកត្រូវចេះស្តាប់យកចំណុចណាដែលសំខាន់ និងល្អបំផុត ហើយបោះចោលចំណុចទាំងឡាយណាដែលមិនបានការ និងចេះសួរត្រឡប់ទៅវិញនូវចំណុចណាដែលលោកអ្នកមានភាពស្រពិចស្រពិល។ ធ្វើបែបនេះ ទើបអាចអោយលោកអ្នកមានអារម្មណ៍ធូរស្បើយ និងមានភាពងាយស្រួលក្នុងការបំពេញការងារ ហើយថែមទាំងមិនមានអារម្មណ៍ស្មុគស្មាញ ឬចង់បោះបង់ការងារចោលទៀតផង។
៣. ឳកាសសុទ្ធតែជាពេជ្រ ចាប់យកសិនចាំច្នៃតាមក្រោយ៖ មានមនុស្សច្រើនណាស់ដែលមានអារម្មណ៍ស្តាយក្រោយ ព្រោះមិនបានចាប់យកឳកាសដែលពួកគេអាចចាប់បាន។ ដូច្នេះហើយលោកអ្នកមិនគួរធ្វើខ្លួនអោយក្លាយជាមនុស្សម្នាក់ក្នុងចំណោមក្រុមមនុស្ស ដែលមានតែពាក្យស្តាយក្រោយទាំងអស់នោះឡើយ គឺលោកអ្នកត្រូវតែចេះចាប់យកឳកាសទាំងអស់ដែលខ្លួនមាន បើទោះបីជាលោកអ្នកគិតថា​ មិនសាកសម ឬមិនទាន់ត្រៀមខ្លួនរួចរាល់នឹងទទួលវាក៏ដោយ។ លោកអ្នកត្រូវចាំថាគ្មាននរណាម្នាក់ចេះធ្វើអ្វីគ្រប់យ៉ាងបានល្អឥតខ្ចោះគ្រប់រឿង​នោះទេ តែអ្វីដែលលោកអ្នកអាចធ្វើបាន គឺរៀន។ ពោល គឺមានន័យថា លោកអ្នកត្រូវរៀនពីឳកាសដែលលោកអ្នកចាប់បាន រៀនពីវាអោយ​បានច្រើនតាមដែលអាចធ្វើទៅបាន នោះលោកអ្នកនឹងអាចត្រៀមខ្លួនបានរួចរាល់ ហើយលោក​អ្នកនឹងកាន់តែមានសំណាងនៅពេលដែលឳកាសថ្មីមកដល់ជាបន្តបន្ទាប់។ ប្រសិនបើលោកអ្នកគិតថាខ្លួនធ្វើបានល្អបំផុតលើសពីសមត្ថភាពដែលលោក​អ្នកអាចធ្វើបានហើយ នោះជាពេលដ៏ត្រឹមត្រូវហើយដែលលោកអ្នកត្រូវតែបន្តទៅមុខទៀត និងចាប់យកឳកាសថ្មីៗ៕

********************************
Source:http://business-cambodia.com/site/contentdetail/1265

Khmer Boxing Welcome!!


Flag Counter



Popular Posts