ខ្ញូំសូមអញ្ជើញបងប្អូនជនរួមជាតិ មេត្តាអាននូវសេចក្តីសង្ខេបអំពីការព្រួយបារម្ភរបស់សង្គមសីុវិលទៅលើសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបានយល់ថាតើមើលហេតុអ្វីបានជាពួកយើងជំទាស់នៅសេចក្តីព្រាងច្បាប់នេះ ហើយទាមទារឲ្យមានការពិគ្រោះយោបល់ឲ្យបានពេញលេញនិងកែរសម្រួលឬកែតម្រូវច្បាប់នេះ មុននឹងអនុម័ត។ សូមមេត្តាជួយ Share ឲ្យបានច្រើនផង។
អង្គការសង្គមសីុវិលមិនអាចទទួលយកសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបច្ចុប្បន្នបានទេ ពីព្រោះ សេចក្តីព្រាងច្បាប់នេះបានរិតត្បិតដល់សេរីភាពក្នុងការបង្កើតសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ។ យ៉ាងហោចណាស់មានមាត្រាចំនួន១៤ ដែលទាមទារឲ្យមានការពិនិត្រឡើងវិញដោយហ្មត់ចត់ និងមានមាត្រាចំនួន ១០បន្ថែមទៀត ដែលទាមទារឲ្យមានការរៀបចំឃ្លាឃ្លោងសាឡើងវិញ ជាពិសេសគឺមាត្រាខាងក្រោមនេះ៖
(1) មាត្រា ២៖ ដាក់កំហិតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឲ្យបំពេញតែការងារទៅលើវិសាលភាពនៃការអភិវឌ្ឍសង្គម។ មាត្រានេះរំលោភលើមាត្រាទី ៣៥នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ជាក់ស្តែងអង្គការសង្គមសីុវិលធ្វើការងារលើគ្រប់វិស័យដែលរួមទាំងការងារលើកស្ទួយការគោរពសិទ្ធិមនុស្ស ការតស៊ូមិតិ ជំនួយផ្នែកច្បាប់ ការពារបរិស្ថាន និងធនធានធម្មជាតិ និងផ្នែកប្រឆាំងអំពើពុករលួយជាដើម។ល។
(2) មាត្រា ៥៖ ហាមឃាត់រូបវន្ដបុគ្គលដែលបានកាន់តំណែងដឹកនាំនៅក្នុងសមាគម ឬ អង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានលុបចេញពីបញ្ជី មិនឱ្យបង្កើតសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលជាថ្មី ដែលការិតត្បិតនេះស្មើនឹងការរំលោភលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម។ មាត្រា ៥នេះក៏រំលោភមាត្រា១៥នៃកតិកាសញ្ញ អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារដែលតម្រូវឲ្យរដ្ឋជាភាគី (កម្ពុជាជារដ្ឋភាគី) ត្រូវ ទទួលស្គាល់សិទ្ធិកុមារខាងសេរីភាពបង្កើតសមាគម។ ប៉ុន្ដែ មាត្រា៥ នៃសេចក្ដីព្រាងច្បាប់បែរជារិតត្បិតបុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ មិនឱ្យបង្កើតសមាគមទៅវិញ។
(3) អនុឡោមតាមមាត្រា ៨ នៃសេចក្ដីព្រាងច្បាប់នេះ ក្រសួងមហាផ្ទៃជាអ្នកមានសិទ្ធិផ្ដាច់មុខក្នុងការសម្រេចមិនចុះបញ្ជីឲ្យសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលគាត់យល់ឃើញថាមានកម្មវត្ថុដែលអាចប៉ះពាល់ដល់សន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬប៉ះពាល់ដល់សុវត្ថិភាព ឯកភាពជាតិ វប្បធម៌ និងប្រពៃណីរបស់ សង្គមខ្មែរ។ បើអនុវត្តតាមមាត្រានេះ ក្រសួងមហាផ្ទៃ នឹងទទួលបាននូវសិទ្ធិយ៉ាងធំចំនួនពីរ៖
ទី១៖ គាត់ក្លាយទៅជាអ្នកបកស្រាយច្បាប់ ដែលគួរតែជាតូនាទីរបស់តុលាការទើបត្រូវ និងទី២៖ សិទ្ធិរបស់គាត់ក្នុងការបដិសេធការសុំចុះបញ្ជីរ អាចក្លាយទៅជាការប្រើសិទ្ធិដោយរំលោភ ព្រោះថាមូលហេតុជាច្រើនដែលគាត់ប្រើដើម្បីបដិសេធការសុំចុះបញ្ជីរសុទ្ធតែផ្ទុយពីច្បាប់អន្ដរជាតិ ហើយមានខ្លឹមសារមិនច្បាស់លាស់។
(4) មាត្រា ៩៖ សេចក្ដីព្រាងច្បាប់នេះទាមទារឱ្យមានការចុះបញ្ជីជាដាច់ខាត ថែមទាំងដាក់ទណ្ឌកម្មដល់ក្រុមដែលមិនចុះបញ្ជីដោយមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពអ្វីឡើយ។ ការដាក់កំហិតនេះគឺជាការរំលោភដោយផ្ទាល់ដល់មាត្រា ២២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ។ នៅប្រទេសកម្ពុជាមានសហគមន៍តូចៗជាងពីមុីន និងក្លិប ឬបណ្តាញយុវជនជាច្រើនពាន់ ដែលធ្វើការងារសង្គមលើគ្រប់វិស័យ។ ដូច្នេះច្បាប់នេះអាចធ្វើឲ្យសកម្មភាពដែលសហគមន៍តូចៗ ក្លិប ឬបណ្តាញយុវជន ក្លាយជាសកម្មភាពខុសច្បាប់ ហើយតម្រូវឲ្យពួកគេចុះបញ្ជីរជាដាច់ខាតបើចង់ឲ្យស្របតាមច្បាប់និងរួចផុតពីការដាក់ទោស ដែលនេះជាការលំបាក និងជាបន្ទុកសម្រាប់ពួកគាត់។
(5) មាត្រា ២៤៖ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលត្រូវប្រកាន់ជំហរអព្យាក្រិត្យចំពោះគណបក្សនយោបាយទាំងអស់នៅកម្ពុជា។ នេះជាការរំលោភដោយផ្ទាល់ដល់ សេរីភាពក្នុងការបញ្ចេញមតិដូចមានចែងក្នុងមាត្រា ១៩នៃកតិកាសញ្ញានៃសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូចជាមានចែងក្នុងមាត្រា ៤១នៃរដ្ឋធម្មនុញ្ញកម្ពុជា។ មានត្រានេះមិនកំណត់និយមន័យច្បាស់លាស់អំពីពាក្យថាអព្យាក្រិតឡើយ ដូច្នេះបើសិនជាមានអង្គការឬសមាគមណារិះគន់ដល់គោលនយោបាយឬសកម្មភាពខុសឆ្គង
របស់រដ្ឋាភិបាល ហើយមានគណបក្សនយោបាយណាមួយ មានទស្សន:ស្របជាមួយអង្គការឬសមាគមនោះ ហើយចូលរួមរិះគន់រដ្ឋាភិបាលដែរនេះ គេអាចចោទអង្គការ ឬសមាគមនោះថា មិនអព្យាក្រិតហើយដាក់ទោសនៅក្នុងមានត្រានេះ។ នៅក្នុងសង្គមខ្មែរដែលសម្បូរទៅដោយការលាបពណ៌គ្នា គេអាចបង្កើតលេសឬបង្កើតសកម្មភាពដោយមានចេតនាមួលបង្កាច់អង្គការឬសមាគមណាមួយបានគ្រប់ពេលវេលា ហើយនៅពេលដែលតុលាការមិនឯករាជ្យ មាត្រានេះគឺជាគ្រោះថ្នាក់សម្រាប់អង្គការដែលធ្វើការងារទាក់ទងទៅនឹងសិទ្ធិមនុស្ស ការតស៊ូមតិ ប្រឆាំងអំពើពុករលួយ។ល។ ដែលសកម្មភាពពួកគេអាចប៉ះពាល់ដល់ផលប្រយោជន៍បុគ្គល ឬផលប្រយោជន៍នយោបាយរបស់អ្នកមានអំណាច។
បទដ្ឋានខាងលើនេះគ្រាន់តែជាឧទាហរណ៍មួយចំនួន ដែលបង្ហាញថាសេចក្តីព្រាងច្បាប់នេះបានរំលោភយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិ។ ហេតុនេះរដ្ឋសភាគួរពន្យាពេលក្នុងការអនុម័តសេចក្ដីព្រាងច្បាប់នេះ ដើម្បីទុកពេលគ្រប់គ្រាន់ ក្នុងការពិភាក្សារ និងកែសម្រួលដើម្បីធានាថាកម្ពុជាអនុឡោមទៅតាមច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

Khmer Boxing Welcome!!


Flag Counter



Popular Posts