Wed, 5 August 2015
ភ្នំពេញៈ ក្រុមយុវជនកម្ពុជា មិនអាចស្វែងរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF BIDC U16 Championship 2015 ក្នុងនាមជាម្ចាស់ផ្ទះបាននោះទេ បន្ទាប់ពីក្រុមមានមាឌតូចៗជាងគេនេះ បានប្រជែងចាញ់ក្រុមមីយ៉ាន់ម៉ា ក្នុងការប្រកួតជម្រុះប្រចាំពូល B លើកចុងក្រោយ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃពុធនេះ។
បើទោះបីជាក្រុមយុវជនមីយ៉ាន់ម៉ា ត្រូវការត្រឹម ១ ពិន្ទុ ដើម្បីឡើងទៅកាន់វគ្គបន្ដ ប៉ុន្តែតាមរយៈការប្រកួតកាលពីម្សិលមិញនោះ មីយ៉ាន់ម៉ា មិនបានប្រើយុទ្ធសាស្រ្ដបែបលេងការពារ ដើម្បីបញ្ចប់ត្រឹមលទ្ធផលនោះឡើយ គឺពួកគេបានធ្វើការវាយលុកមកលើតំបន់សុវត្ថិភាពរបស់កម្ពុជាភ្លាមៗ ហើយត្រឹមរយៈពេលតែ ១៥ នាទីខ្សែប្រយុទ្ធ Pyae Songe Naing បានទាត់ទម្លុះបំប៉ោងទីកម្ពុជា ១ គ្រាប់ មុនពេលមិត្តរួមក្រុមរបស់គេ Win Naing Tun បានបន្ថែម ១ គ្រាប់ទៀត នៅនាទីទី១៩ ដើម្បីនាំមុខ ២-០ ក្នុងតង់ទី ១ ។
ឈានចូលតង់ទី ២ ក្រុមមីយ៉ាន់ម៉ា នៅតែប្រកាន់ការលេងបែបវាយបកដែលធ្វើឲ្យការព្យាយាមវាយលុកដើម្បីរកបានគ្រាប់បាល់របស់កម្ពុជា ជួបការបារម្ភជាបន្ដបន្ទាប់ ហើយនៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនោះក្រុមមីយ៉ាន់ម៉ា រកបាន ១ គ្រាប់ទៀត ដើម្បីយកឈ្នះលើកម្ពុជា ៣-០ នឹងបានឡើងទៅវគ្គបន្ដ ក្នុងនាមជាក្រុមលេខ ២ ប្រចាំពូល B នេះ។
រីឯកម្ពុជា បានធ្លាក់ចេញពីការប្រកួតនេះ ដោយ ៤ ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ២ ប្រកួត ប៉ុន្តែអ្នកទស្សនារាប់ម៉ឺននាក់ នៅតែសម្តែងការកោតសរសើរដល់ក្រុមថ្នាលរបស់កម្ពុជាមួយក្រុមនេះ ដែលបានព្យាយាមលេងប្រកបដោយឆន្ទៈខ្ពស់។
នៅក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃពុធនេះដែរ ក្រុមយុវជនអូស្រ្តាលី ដែលតែងតែមានប្រៀបលើគូប្រកួតទាំងបច្ចេកទេសលេង និងកម្ពស់ កីឡាករនោះ បានបន្ដលត់ក្រុមចាញ់ពេញមួយរដូវកាលហ្វីលីពីន ៨-២ ដូចពេលជាមួយក្រុមសិង្ហបុរី ដែរ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ ប្រចាំពូល B នេះ តាមរយៈការឈ្នះទាំង ៤ ប្រកួតតែម្ដង ព្រោះ ២ ប្រកួតផ្សេងទៀតអូស្រ្តាលី បានលត់កម្ពុជា និងមីយ៉ាន់ម៉ា ៤-០ ដូចគ្នា។
ជាមួយលទ្ធផលនេះអូស្រ្តាលី ត្រូវជួបថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ ម៉ោង ៦:៣០ យប់ ឯក្រុមមីយ៉ាន់ម៉ា ត្រូវប្រឈមជាមួយក្រុមលេខ ១ ពូល A ឡាវ ចាប់ពីរសៀលម៉ោង ៣:៣០៕