(ភ្នំពេញ)៖ នៅទីបំផុតារាសម្តែងជើងចាស់ និងជាអ្នកដែលលេចធ្លោខ្លាំងជាងគេរឿងចេញមុខប្រឆាំងជុំវិញ ការចាក់ផ្សាយភាពយន្តភាគថៃ នៅក្នុងស្រុកខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខប្រកាសសុំចុះចាញ់ និងបង្ហាញក្តីអស់សង្ឈឹមខ្លាំង ខណៈចំណាត់ការរបស់ក្រសួងព័ត៌មាន ហាក់កំពុងគ្មានប្រសិទ្ធភាពទៅលើការបញ្ឈប់បានចំពោះការចាក់បញ្ចាំងភាពយន្តបរទេស ពិសេសរឿងភាគរបស់ថៃ នៅលើស្ថានីយទូរទស្សន៍ក្នុងស្រុកខ្មែរមួយចំនួននោះ។
នៅលើបណ្តាញ Facebook របស់អ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗនេះបានសរសេរបង្ហោះជាសាធារណៈថា «មនុស្សដែលចាញ់គ្រប់យ៉ាង ខ្ញុំសុំនិយាយថាខ្ញុំសុំចុះចាញ់ហើយ ហើយក៏ឆ្អែតបំផុតឆ្អែតឡើងក្អួតចេញមកវិញ ដើម្បីសិល្បៈវប្បធម៌ជាតិខ្ញុំ ត្រូវមនុស្សមួយប្រទេសជេរ និងរិះគន់យ៉ាងអាម៉ាស់ តែខ្ញុំទទួលយកបានទាំងអស់ឲ្យតែសិល្បៈខ្មែរមានដង្ហើម តែអ្វីៗគឺខុសទាំងអស់ ហើយក្លាយជាជនដែលស្គាល់តែការខុស ព្រោះខ្ញុំមិនចេះធ្វើជាមនុស្សអាត្មានិយមមិន ចេះស្តោះហើយលេប មិនចំណុះគេ មិនចេះយកមុខយកមាត់»។
នៅក្នុងអត្ថន័យខ្លឹមសារដដែលនោះនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ទៀតថា «ពីពេលនេះទៅគឺសុំធ្វើជាមនុស្សអាត្មានិយម និងលែងជឿជាក់គ្រប់វិស័យ ព្រោះវាគ្មានជំនឿទៀតទេអ្នកធ្វើគឺខ្ញុំ អ្នកស្រែកគឺគេ អ្នកបានផលគឺឈ្មួញ ហើយសូមមេត្តាឈប់យកខ្ញុំទៅប្រើប្រាស់ទៀតទៅខ្ញុំសុំធ្វើជាអ្នកសិលល្បៈដែលមិនមានសតិសម្បជញ្ញៈវិញល្អជាង គឺឆ្អែតគ្រប់យ៉ាង»។
តាមរយៈសារចុងក្រោយរបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ពេលនេះត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាស និងចំណាត់ការរបស់ក្រសួងព័ត៌មានឲ្យគ្រប់បណ្តាស្ថានីយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកទាំងអស់ ត្រូវបញ្ឈប់ការចាក់ផ្សាយភាពយន្តបរទេស ក្នុងអំឡុងម៉ោង៧ ដល់ម៉ោង ៩យប់ ជាម៉ោងសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយបានដាក់កំហឹតគិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺលែងឲ្យមានការចាក់បញ្ចាំងភាពយន្តបរទេសបន្តទៀត។
ប៉ុន្តែផ្ទុយទៅវិញជាលទ្ធផលសេចក្តីប្រកាសហាក់ពុំមានប្រសិទ្ធភាពចំពោះការដាក់កំហិតនោះទេ ព្រោះថា រហូតមកទល់ពេនេះគេសង្កេតឃើញ នៅមានប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួន នៅតែបន្តការចាក់បញ្ចាំងភាពបរទេសដដែល ពិសេសភាពយន្តភាគថៃនេះតែងម្តង។
សូមជំរាបថា កាលពីកន្លងទៅថ្មីៗនេះក្រសួងព័ត៌មានធ្លាប់បានចេញសេចក្តីប្រកាសរបស់ខ្លួនមួយ ដោយតម្រូវឲ្យគ្រប់បណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកទាំងអស់បញ្ឈប់ការចាក់ផ្សាយភាពយន្តបរទេសចន្លោះពីម៉ោង ៧យប់ដល់ម៉ោង ៩យប់ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។ នៅក្នុងសេចក្តីប្រកាសនោះ ក៏បានបញ្ជាក់ថា ករណីម្ចាស់ស្ថានីយ៍ទូរទស្សន៍ណាមិនគោរព តាមសេចក្តីជូនដំណឹងរបស់ក្រសួងនឹងត្រូវផាកពិន័យ ឬប្រឈមការដកអាជ្ញាប័ណ្ឌទាំងស្រុង៕

