តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចុះមើលដីមានជម្លោះកន្លងមកនៅខេត្តត្បូងឃ្មុំ។ រូបថត សហការី
Wed, 8 July 2015
ត្បួងឃ្មុំៈ អាជ្ញាធរបានឲ្យពលរដ្ឋរស់នៅក្នុងភូមិជើង ឃុំជាំ ស្រុកមេមត់ធ្វើការដាំដុះដំណាំលើដីរបស់ខ្លួនដែលធ្លាប់បង្កបង្កើនផលឡើងវិញបន្ទាប់ពីទាហានវៀតណាមបានចូលមកដកដំណាំរបស់ពលរដ្ឋជាថ្មីទៀតកាលពីសប្តាហ៍មុន។
លោក អ៊ូ អឿន មេឃុំជាំស្តីទីបានថ្លែងឲ្យដឹងថាកាលពីព្រឹកម្សិលមិញអាជ្ញាធរស្រុក និងមន្ត្រីជំនាញបានចុះមកធ្វើការពិនិត្យនៅលើដីមានទំនាស់ បន្ទាប់ពីពលរដ្ឋបានប្តឹងអំពីមន្ត្រីវៀតណាមបានចូលមកដកដំណាំរបស់ពលរដ្ឋសាជាថ្មីដូចជាដើមកៅស៊ូ និងដំណាំជាច្រើនទៀត។
លោកបានថ្លែងថា៖ «ដីនោះពលរដ្ឋខ្ញុំគាត់ធ្វើតាំងពីដូនតាមកមិនមែនជាដីរបស់វៀតណាមនោះទេ ហេតុអ្វីបានជាវៀតណាមគាបសង្កត់លើពលរដ្ឋរបស់ខ្ញុំ។ ខ្ញុំមិនយល់ឥឡូវរឿងព្រំដែនកែប្រែ»។
លោកបានថ្លែងឲ្យដឹងទៀតថាបើទោះបីជាលោកពុំមានសិទ្ធិក្នុងការវាស់វែងដីនោះក៏ដោយ ក៏ប៉ុន្តែលោកដឹងថាដីនេះពលរដ្ឋធ្វើការដាំដុះដំណាំតាំងពីដូនតាមកទើបតែថ្មីៗនេះទេដែលវៀតណាមចាប់ផ្តើមមកបំផ្លាញដំណាំរបស់ពលរដ្ឋដោយគេថាដីគោករបស់ខ្មែរដីទឹករបស់គេ ប៉ុន្តែតាំងពីដើមមកទាំងដីទឹក និងដីគោកគឺពលរដ្ឋតែងតែធ្វើការដាំដុះ។
ទាក់ទងនឹងករណីនេះអភិបាលស្រុកមេមត់ លោក ចេង ប៊ុណ្ណារ៉ា បានបដិសេធធ្វើការអត្ថាធិប្បាយ ដោយលោកបានមានប្រសាសន៍ថា លោកជាប់រវល់ប្រជុំ។
អ្នកស្រី ភី ស្រីណា ជាម្ចាស់ដំណាំបានឲ្យដឹងថាកាលពីថ្ងៃទី ៤ ខែមិថុនា វេលាម៉ោង ៨ ព្រឹក ទាហានវៀតណាមមានគ្នា ៣ នាក់ ប្រដាប់ដោយកាំភ្លើង និងដំបងឆក់ចូលមកដកដំណាំគាត់នៅចំណុចជាំប្រាំល្វែងដែលជារបស់គ្រួសារគាត់តាំងពីដូនតា។ ក្រោយពីមានរឿងនោះមកអ្នកស្រីក៏បានប្តឹងទៅអាជ្ញាធរឃុំដើម្បីជួយអន្តរាគមន៍។
អ្នកស្រីថា៖ «ព្រឹកមិញអាជ្ញាធរគេថាមកពីស្រុក និងមេឃុំមកប្រាប់ថាឲ្យខ្ញុំដាំដំណាំវិញចុះ។ ដំណាំដែលខ្ញុំដាំនោះគឺមិនមែនដីយួនទេ ដីរបស់ខ្ញុំ»។
អ្នកស្រីថាម្សិលមិញយួនបានមកមើលពេលអ្នកស្រីដាំដំណាំឡើងវិញហើយគេមិនថាអីទេគេមកជួយដាំក្រោយពីគេឲ្យអ្នកស្រីនិយាយទូរស័ព្ទជាមួយមេរបស់គេ ប៉ុន្តែមេរបស់គេប្រាប់អ្នកស្រីថាដីស្រះរបស់អ្នកស្រីកាយលើដីយួនមួយកំណាត់ ប៉ុន្តែគេថាអ្នកស្រីធ្លាប់ធ្វើត្រង់ណាឲ្យធ្វើត្រង់នោះចុះ។
អ្នកស្រីថា៖ «ខ្ញុំសុំឲ្យរដ្ឋាភិបាលជួយផងកុំឲ្យយួនចូលមកដកដំណាំពលរដ្ឋតាមតែអំពើចិត្តនោះហើយបើវាស់វែងកុំវាស់វែងឲ្យបាត់ដីខ្មែរ»។
លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងថាការចូលមកដកដើមទុរេនរបស់ពលរដ្ឋនៅក្នុងតំបន់ជាំប្រាំល្វែងនោះគឺកាន់តែជ្រៅទៅៗមកក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាដូច្នេះរដ្ឋាភិបាលគួរតែចាត់វិធានការទូតហៅអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាមកសួរនាំពីព្រោះក្រោយពីក្រសួងការបទេសកំណត់ទូតពីរទៅបីដងគឺបញ្ហាកើតមានកាន់តែខ្លាំងឡើងៗ។
លោកថា៖ «ខ្ញុំយល់ថានេះគឺជាចេតនាចង់បង្កជម្លោះជាមួយព្រះរាជាណាចក្រកម្ពុជា»។
សូមរំឭកផងដែរថាកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៥ កម្លាំងសមត្ថកិច្ចវៀតណាមក៏បាននាំពលរដ្ឋខ្លួនចុះធ្វើសកម្មភាពបាញ់ថ្នាំពុលបំផ្លាញដំណាំរបស់កសិករខ្មែរនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រោយពីហេតុការណ៍នេះលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបទេស និងលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនបានអះអាងថា ដីដែលអាជ្ញាធរវៀតណាមបាញ់ថ្នាំពុលបំផ្លាញដំណាំកសិករខ្មែរនោះជាដីរបស់វៀតណាមដែលភាគីទាំងពីរបានព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០១១ ។
កាលពីថ្ងៃម្សិលមិញគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាមបានចាប់ផ្ដើមកិច្ចប្រជុំបិទទ្វារដើម្បីដោះស្រាយបញ្ហាបោះបង្គោលព្រំដែនដែលនៅសេសសល់ និងហិង្សាដែលបានកើតឡើងនៅខេត្តស្វាយរៀងកាលពីពេលថ្មីនេះ៕
*************************************
Source:http://www.postkhmer.com/
Wed, 8 July 2015
*************************************
Source:http://www.postkhmer.com/