Content image - Phnom Penh Post
កីឡាករ​អាំង សំអាត (ឆ្វេង) នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​គឿម សុវណ្ណ​ឌឿត ក្នុង​ការ​ប្រកួត​គូឯក​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ជំនួស​គូ​ខ្សែ​ក្រវាត់ K Cement។  ស្រេង ម៉េងស្រ៊ុន
ភ្នំពេញ: ជើង​ខ្លាំង​ទម្ងន់ស្រាល​ពីរនាក់​រួមមាន កីឡាករ​អាំង សំអាត មក​ពី​ក្លិប​តាព្រហ្ម​មានជ័យ និង​គឿម​ សុវណ្ណឌឿត មក​ពី​ក្លិប​មោងឫស្សី​ខេត្ត​បាត់ដំបង​ នឹង​ត្រូវ​ដាក់​ឲ្យ​ជួបគ្នា​ក្នុងការប្រកួត​គូ​ឯក​ប្រចាំ​សប្តាហ៍​ជំនួស​គូ​ខ្សែក្រវាត់​ K Cement​ ទម្ងន់ ៦០ ​គីឡូក្រាម​នា​ថ្ងៃ​សៅរ៍​ ទី​​ ១២ ​ខែ​កក្កដា​ ឆ្នាំ ២០១៥ ក្រោយ​ពី​ការ​ប្រកួត​គូ​ខ្សែក្រវាត់​នេះ ​ត្រូវ​ផ្អាក​មួយ​សប្តាហ៍​ដើម្បី​ទុក​ពេល​ឲ្យ​កីឡាករ​បាន​ហ្វឹកហាត់ ពី​ព្រោះ​នៅ​សល់​តែមួយ​ជុំ​ទៀត​ នឹង​បញ្ចប់​ការ​ប្រ​កួត​វិលជុំ​ហើយ​។ ​
កីឡាករ​ប្រដាល់​ទាំង​ពីរ​នាក់​នេះ នឹង​ប្រ​កួត​គ្នា​ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​ និង​ជា​គូ​ឯក​ដែល​មាន​ទឹកចិត្ត​ធំ និង​វាយ​សម្រុក​មិន​ចេះ​ដកថយ​ ប៉ុន្តែ ​ប្រវត្តិប្រកួត​របស់​អ្នក​ទាំង​ពីរ​មាន​ភាព​ខុស​ពី​គ្នា​ឆ្ងាយ​ណាស់ ដោយ​សារ​តែ​កីឡាករ អាំង សំអាត​ ជា​កីឡាករ​ជើង​ចាស់ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ ព្រមទាំង​ធ្លាប់​ឈ្នះ​កីឡាករ​បរទេស​ទៀត​ផង​។

ចំណែក​ កីឡាករ​គឿម សុវណ្ណឌឿត​ ទើប​តែចាប់​ផ្តើម​ល្បីល្បាញ​ជំនាន់​ក្រោយ ប៉ុន្តែ មួយរយៈ​នេះ​ ​រូប​គេ​ទទួល​បាន​ជ័យជម្នះ​រហូត​គួរ​ឲ្យ​កត់សម្គាល់​។
ទោះ​ជា​យ៉ាង​នេះក្តី សម្រាប់​ការ​ប្រកួត​មួយ​គូ​នេះ លទ្ធផល​ប្រកួត​ត្រូវ​បាន​អ្នក​ទស្សនា​ភាគ​ច្រើន​បំផុត​ដែល​ស្គាល់​សមត្ថភាព​ក្បាច់​គុន​របស់​កីឡាករ​ទាំង​ពីរ​នៅ​តែ​មាន​ជំនឿ​ថា​ អាំង​ សំអាត​ មាន​ភាគរយ​ឈ្នះ​ច្រើន​លើ​ សុវណ្ណឌឿត​។​
លោក​ញាន​ សុធី អ្នក​គ្រប់គ្រង​កម្មវិធី​ បាន​បក​ស្រាយ​ថា​៖ «សម្រាប់​គូ​ឯក​មួយ​គូ​នេះ​ យើង​ក៏​បាន​គិតឃើញថា​ អាំង សំអាត​ មាន​បទពិសោធ​ច្រើន និង​ចាស់​វស្សា​ជាង​ផង​ដែរ ​ប៉ុន្តែ​សុវណ្ណ​ឌឿត មាន​ប្រៀប​ផ្នែក​កម្លាំង​ ដោយ​សារ​គេ​នៅ​ក្មេង​ជាង និង​មាន​ទឹកចិត្ត​ប្រកួត​ចូល​វាយ​សម្រុក​មិន​ដកថយ ហើយ​ក៏​មាន​ស្នៀត​ទាត់​ធ្ងន់ៗ​ផង​ដែរ​»​។ ​
លោក​ញាន​ សុធី​ បាន​អះអាង​ថា​៖ «ការ​ផ្គូផ្គង​កីឡាករ​ឲ្យ​ប្រកួត​គ្នា​ មិន​អាច​ឲ្យ​បាន​មាន​សមត្ថភាព​ស្មើ​គ្នា​ ១០០​ ភាគរយនោះ​ទេ ហើយ​ចំណុច​ពិសេស​នៃ​ក្បាច់​គុន​របស់​កីឡាករ​នីមួយៗ​ពិត​ជា​មាន​ប្រៀប​លើ​គ្នា​ ទៅវិញ​ទៅមក ហើយ​លទ្ធផល​ពិត​នោះ​ទាល់​តែ​ប្រកួត​ចប់​ទើប​យើង​ទាយ​ត្រូវ​​»។​
ទាក់ទង​នឹង​ការ​ប្រកួត​ខាង​មុខ​នេះ គឿម សុវណ្ណ​ឌឿត​ បាន​និយាយ​ថា​៖ «ខ្ញុំ​ធានា​ប្រ​កួត​អស់​ពី​សមត្ថភាព និង​បាន​ហ្វឹកហាត់​ត្រៀម​ប្រកួត​បាន​ល្អ​ ​ហើយ​ខ្ញុំ​សង្ឃឹម​យក​ឈ្នះ ប៉ុន្តែ​មិន​ហ៊ាន​ថា ប៉ុន្មាន​ភាគរយ​នោះ​ទេ​ពី​ព្រោះ​គេ​ជា​ជើងចាស់ និង​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ផង​ដែរ​»​​។​
ទោះ​បី​អាំង​ សំអាត​ មាន​ប្រៀប​ផ្នែក​បច្ចេកទេស​ក៏ដោយ ប៉ុន្តែ ​គេ​មាន​ចំណុច​ខ្សោយ​ផ្នែក​កម្លាំង​នៅ​ចុងទឹក​ដែល​ជា​ឱកាស​ល្អ​មួយ​ដែរ​របស់​សុវណ្ណឌឿត ​ដែល​មាន​ប្រៀប​ផ្នែក​កម្លាំង​ថេរ​បាន​ ៥ ​ទឹក​នោះ​។​
តាម​ប្រវត្តិ​ប្រកួត​របស់​សុវណ្ណ​ឌឿត​ រូប​គេ​ប្រកួត​បាន​ជាង​ ៤០ ​ដង ខណៈ​ដែល​អាំង​ សំអាត​ ប្រកួត​បាន​ជិត​ ១០០​ ដង​ឯណោះ​។
ក្រៅ​ពី​គូឯក​នេះ​ ក៏​មាន​គូ​ខ្លាំងៗ​ផង​ដែរ ដោយ ញ៉េ​ សិទ្ធ មក​ពី​ក្លិប​អេភូថង​ ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ផាន់ សារ៉ែម មក​ពី​ក្លិប​គជ​សារ​ក្នុង​ទម្ងន់​​ ៦០ ​​គីឡូក្រាម​ ខណៈ​ដែល​កីឡាករ​ផា​ សុផានិល​ មក​ពី​ពន្លឺសាមគ្គី​ ត្រូវ​ប្រ​កួត​ជាមួយ​កីឡាករ​ពុទ្ធ​ អារុណ​ មក​ពី​ពុទ្ធ​សេរីវង្ស​ ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​៕

*****************************
Source:http://www.postkhmer.com/

Khmer Boxing Welcome!!


Flag Counter



Popular Posts