Content image - Phnom Penh Post

ក្រុង​វ៉ា​ស៊ីង​តោន: កីឡាករ​​ប្រដាល់ Floyd Mayweather កាល​ពី​ថ្ងៃ​​ចន្ទ ត្រូវ​បាន​ស្ថា​ប័ន​កីឡា​ប្រដាល់​ពិភព​លោក​ហៅ​កាត់​ថា WBO ដក​ហូត​យក​ខ្សែ​ក្រវាត់​​ពិភព​លោក​ក្នុង​ទម្ងន់​មធ្យម (​ពី​៦៤ ដល់​ ៦៩ ​គីឡូ​ក្រាម) ដែល​រូប​គេ​បាន​ឈ្នះ​តាម​រយៈ​ការ​ផ្តួល​កីឡាករ Manny Pacquiao កាល​ពី​រយៈ​ពេល ​២ ​ខែ​កន្លង​ទៅ​។
Mayweather បាន​ខក​ខាន់​ក្នុង​ការ​​ឆ្លើយ​​តប​​តាម​​​កាល​​បរិ​ច្ឆេទ​​កំណត់​កាល​ពី​​ថ្ងៃ​សុក្រ សប្តាហ៍​មុន សម្រាប់​ការ​បង់​ប្រាក់​ចំនួន​ ២០ ​ម៉ឺន​​ដុល្លារ​អាមេ​រិក ​ដែល​ត្រូវ​បាន​ស្នើ​ដោយ WBO ក្រោយ​ពី​រូប​គេ​ដ​ណ្តើម​បាន​ខ្សែ​ក្រវាត់​​នេះ​ពី Pacquiao កាល​ពី​ថ្ងៃ​ទី ​២ ខែ​ឧស​ភា ក្នុង​ទីក្រុង Las Vegas ក្នុង​ការ​ប្រកួត​ដែល​​​ផ្តល់​ប្រាក់​ចំណូល​ដ៏​ខ្ពស់​បំផុត​ប្រមាណ​ជា​ ២២០​ លាន​ដុល្លារ​អាមេ​រិក​។​
ច្បាប់​​របស់ WBO ត្រូវ​តម្រូវ​ឲ្យ​​កីឡាករ​ប្រដាល់​បង់​ប្រាក់​​ ៣ ​ភាគ​រយ​នៃ​ទឹក​ប្រាក់​​ដែល​ទទួល​បាន​សរុប​របស់​ពួក​គេ​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​មួយ​ ដែល​មាន​ចំនួន​ជា​​អតិ​ប​រមា​ចំនួន ​២០ ​ម៉ឺន​ដុល្លារ​អាមេ​រិក​។ ច្បាប់​នេះ ក៏​ហាម​មិន​ឲ្យ​ម្ចាស់​ខ្សែ​ក្រវាត់ WBO ណា​ម្នាក់​​ធ្វើ​ការ​គ្រប់​គ្រង​ខ្សែ​ក្រវាត់​ណា​មួយ​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​ឡើយ​។
បច្ចុប្បន្ន Mayweather ក៏​ជា​ម្ចាស់​ខ្សែ​ក្រវាត់ WBC និង WBA ផង​ដែរ​ក្នុង​ប្រភេទ​ទម្ងន់​​ ៦៩ ​គីឡូ​ក្រាម ក៏​ដូច​ជា​ក្នុង​ទម្ងន់ ​៦៦ ​គីឡូ​ក្រាម​ផង​ដែរ​។
សេច​ក្តី​ប្រកាស​មួយ​នៅ​លើ​គេហទំព័រ​របស់​អង្គភាព​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ ព័រតូរីកូ ​មួយ​នេះ បញ្ជាក់​ថា Mayweather ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​ប្រដាល់​​មិន​រើស​​ទម្ងន់​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភព​លោក លែង​ជា​ម្ចាស់​ខ្សែ​ក្រវាត់ WBO ទៀត​ហើយ​។
សេច​ក្តី​ថ្លែង​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា៖ «លោក Mayweather, Jr បាន​ខក​ខាន​ក្នុង​ការ​បង់​ប្រាក់​ចំនួន​​ ២០ ​ម៉ឺន​ដុល្លារ​អាមេ​រិក​ដែល​ត្រូវ​បាន​​តម្រូវ​ឲ្យ​គេ​​បង់​ក្នុង​នាម​ជា​សមា​ជិក​​​នៃ​ការ​ប្រកួត​​ខ្សែ​ក្រវាត់​ពិភព​លោក WBO​​។ បើ​ទោះ​បី​មាន​ការ​បញ្ជាក់​ប្រាប់​ដល់ Mayweather Jr. ឲ្យ​ធ្វើ​ការ​អះ​អាង​ពី​ជំ​ហរ​របស់​គេ​​ក្នុង​ការ​​គ្រប់​គ្រង​ខ្សែ​ក្រវាត់ WBO ក្នុង​ទម្ងន់​​មធ្យម និង​បោះ​បង់​ខ្សែ​ក្រវាត់​ពិភព​លោក​ចំនួន​ ២​ ដែល​រូប​គេ​បាន​ឈ្នះ ប៉ុន្តែ WBO មិន​ទទួល​បាន​​ការ​ឆ្លើយ​តប​ឡើយ​»​។
ក្រោយ​​ពី Mayweather (ឈ្នះ​ ៤៨​ លើក មិន​ដែល​ចាញ់ និង​ផ្តួល​​ដៃ​គូ​ឲ្យ​សន្លប់ ​២៦ ​លើក) បាន​ផ្តួល Pacquiao ដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ​ ដើម្បី​​ឈ្នះ​​ខ្សែ​ក្រវាត់​ធំ​ៗ​ចំនួន​ ៤ រូប​គេ​បាន​ប្រកាស​ថា គេ​​នឹង​បោះ​បង់​រាល់​ខ្សែ​ក្រវាត់​របស់​គេ​ក្នុង​គោល​បំណង​ផ្តល់​ឲ្យ​កីឡាករ​វ័យ​ក្មេង​មាន​ឱកាស​ធ្វើ​ការ​ដណ្តើម​​យក​៕ AFP/IS

Khmer Boxing Welcome!!


Flag Counter



Popular Posts